លោក គួច ចំរើន ប្រាប់ឲ្យឧកញ៉ា ស្រី ចន្ធូ និងឧកញ៉ា ស្រី សុធា ឱ្យបញ្ឈប់សកម្មភាពបង្កទំនាស់នានាលើទីតាំងដី និងជំរុញការដោះស្រាយដីឡូតិ៍ជូនអតិថិជនឱ្យបានឆាប់
កណ្ដាល៖ លោក គួច ចំរើន ប្រាប់ឲ្យឧកញ៉ា ស្រី ចន្ធូ និងឧកញ៉ា ស្រី សុធា ឱ្យបញ្ឈប់សកម្មភាពបង្កទំនាស់នានាលើទីតាំងដី និងជំរុញការដោះស្រាយដីឡូតិ៍ជូនអតិថិជនឱ្យបានឆាប់។ នេះបើតាម ស.ជ.ណ លេខ១៥៧៨ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើតាម ស.ជ.ណ ចេញដោយរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤បានជម្រាបមកឧកញ៉ា ស្រី ចន្ធូ មានទីលំនៅផ្ទះលេខ១៧ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្តីពីសំណើសុំផ្អាកកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់រវាងឧកញ៉ា ស្រី ចន្ធូ និងឧកញ៉ា ស្រី សុធា នៅរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដែលយោងតាមលិខិតស្នើសុំ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឈ្មោះ ស្រី ចន្ធូ។
នៅក្នុង ស.ជ.ណ លោក គួច ចំរើន អភិបាលខេត្តកណ្ថាលបានជម្រាបជូនលោក ស្រី ចន្ធូ ថា រដ្ឋបាលខេត្ត ឯកភាពតាមការស្នើសុំរបស់លោក ស្តីពីសំណើសុំផ្អាកកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់រវាងលោក ស្រី ចន្ធូ និងលោកឧកញ៉ា ស្រី សុធា នៅរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរង់ចាំលទ្ធផល នៃការពិនិត្យ និងចាត់ការលើសំណុំរឿងរដ្ឋប្បវេណីនៅស្ថាប័នតុលាការ តែសុំឱ្យបញ្ឈប់សកម្មភាពបង្កទំនាស់នានាលើទីតាំងដី និងជំរុញការដោះស្រាយដីឡូតិ៍ជូនអតិថិជនឱ្យបានឆាប់៕