វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មចំនួន២ ករណីនៅខេត្តបាត់ដំបង​ត្រូវបាន អ.ដ.ក ជួុយសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ​

បាត់ដំបង៖ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក ហ៊ូ ប៊ុនណន កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មចំនួន ២ ករណី បានដោយជោគជ័យ។

ករណីទី១៖ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីទី២៖  គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កន្លងមក​ ករណីវិវាទទាំងពីរខាងលើ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយដែរ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក​ នៅអំឡុងខែតុលា ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដោយមានការស្នើសុំពីគូភាគី​ និងដោយទទួលបានកិច្ចសហការល្អពីរដ្ឋបាលខេត្តបាត់ដំបង,​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបាន​ប្រើប្រាស់ទីតាំងនៅក្នុងសាលាខេត្តជាកន្លែង ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដេីម្បីដោះស្រាយសំណុំរឿង​វិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.៕

អត្ថបទដែលជាប់ទាក់ទង