សិប្បកម្មកែច្នៃជ័រនៅភូមិស្រែអំពិល ស្រុកកៀនស្វាយលួចបង្ហូរទឹកមានសារធាតុគីមីនិងកាកសំណល់ពុលចូលក្នុងដីប្រជាជន ខណៈទាំងលោកចៅហ្វាយស្រុក ទាំងមន្ត្រីមន្ទីរបរិស្ថានខេត្តកណ្ដាលឆ្លើយដូចៗគ្នាថា អត់ដឹងទេ!

(កណ្ដាល)៖ សិប្បកម្មកែច្នៃជ័រមួយកន្លែងនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានសម្ងំធ្វើអាជីវកម្មកែច្នៃជ័រដើម្បីយកទៅលក់នៅទីផ្សារនិងនាំទៅបរទេសបានទម្លុះរបងរបស់ខ្លួនលួចបង្ហូរបង្ហូរទឹកមានសារធាតុគីមីនិងកាកសំណល់ពុលចូលក្នុងដីប្រជាជនបណ្ដាលឲ្យងាប់ដំណាំ ត្រី សត្វមានជីវិត ភាវៈរស់ និងបណ្ដាលឲ្យដីកសិកម្មរបស់ប្រជាពលរដ្ឋមានសារធាតុពុលជាហេតុមិនអាចបង្កបង្កើនផលបានល្អទៀតផង។ នេះបើតាមប្រភពដែលបណ្ដាញសារព៍ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ថៅកែសិប្បកម្មខាងលើនេះ លួចបង្ហូរទឹកមានសារធាតុគីមីនិងកាកសំណល់ពុលចូលដីស្រែគេយូរហើយ ហើយសង្ស័យអត់មានអាងប្រតិកម្មទឹកត្រឹមត្រូវទៀតផង ប៉ុន្តែមិនមាននរណាអាចប៉ះពាល់បាននោះទេ ព្រោះគេមានអំណាច មានខ្សែ មានបក្ខពួក ហើយមានលុយទៀតផង ទើបគេមិនខ្លាចញញើតអាជ្ញាធរនៅក្នុងមូលដ្ឋាន។

ទាក់ទិនករណីនេះ លោកស្រី  អ៊ុក សឿន មេឃុំឈើទាលបាន ឲ្យ The Mirror News ដឹងថា សិប្បកម្មនោះជារបស់ឈ្មោះ ណេង គាត់មកនៅដែរទេ ខ្ទង់បីបួនប្រាំឆ្នាំ មកពីព្រែកឯង ហើយគាត់ធ្វើសិប្បកម្មជ័រ តែលោកស្រីអត់បានដឹងថា មានការបង្ហូរទឹកស្អុយ កាកសំណល់នោះទេ ចាំគាត់ឲ្យមេភូមិទៅមើលដើម្បីរាយការណ៍ទៅស្រុុក។

បើតាមលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយបានឲ្យអ្នកសារព័ត៌មានដឹងថា លោកស្គាល់ទីតាំងសិប្បកម្មនោះ ប៉ុន្តែមិនបានដឹងថា មានការបង្ហូរទឹកនិងកាកសំណល់ចូលដីប្រជាជនទេ លោកនឹងចាត់ឲ្យមន្ត្រីចុះទៅមើល។

បើតាមមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកណ្ដាលបានឲ្យ The Mirror News ដឹងថា លោកមិនស្គាល់ទីតាំងនោះច្បាស់ទេ ហើយម្ចាស់សិប្បកម្មនោះជានរណាក៏លោកមិនស្គាល់ ថាតើទីតាំងនោះច្បាប់ឬអត់ច្បាប់ក៏លោកមិនច្បាស់ដែរព្រោះឯកសារនៅក្នុងក្រូណូ ហើយថ្ងៃជាថ្ងៃសៅរ៍ គេអត់ធ្វើការទេ ចាំថ្ងៃចូលធ្វើការវិញលោកនឹងប្រាប់។ 

ជុំវិញករណីខាងលើនេះ The Mirror News មិនអាចសុំការបំភ្លឺពីលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល ព្រោះលេខទូរស័ព្ទរបស់លោក(017 464 663)ខលចូល ប៉ុន្តែគ្មានមនុស្សលើក។

ពាក់ព័ន្ធករណីខាងលើនេះ មានតែស្នើសុំកិច្ចអន្តរាគមន៍ពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាលឲ្យចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យហើយ បើពុំដួច្នោះទេ ថៅកែសិប្បកម្មខាងលើនេះ នឹងជិះសេះលែងដៃ ហើយអ្នករងគ្រោះគឺប្រជាពលរដ្ឋម្ចាស់ដីដែលពោពេញដោយទឹកមានសារធាតុគីមីនិងកាកសំណល់ពុលក្នុងដីស្រែរបស់ពួកគាត់តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង