អភិបាលខេត្តកណ្តាលចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្ដារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអភិបាលខេត្តបានលើឡើងថា៖ កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្តារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សានាពេលខាងមុខនេះ។
លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តារប្រឡាយរំដោះទឹកនេះទទួលបានភាពជោគជ័យ។
លោកអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានដែលគៀកផ្ទាល់នឹងប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។
គួរបញ្ជាក់ថា ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២០០០ម៉ែត្រ នៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ៕