សារព័ត៌មាន CHR TV Online ចុះផ្សាយញុះញង់បំផ្លើសការពិត
(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលអះអាងថា អង្គភាពគេហទំព័រសារព័ត៌មានស៊ីអេចអធីវីអនឡាញ (CHR TV Online) ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត ក្រោយគេហទំព័រមួយនេះបានផ្សាយថា «បែកធ្លាយការធ្វើទារុណកម្ម ទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាល នៅចំណុចស្អាន៧២»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះស្រាវជ្រាវជុំវិញការចុះផ្សាយខាងលើ ជាលទ្ធផលថា ចំពោះជនរងគ្រោះនៅក្នុងរូបភាពនេះ គឺមិនមាននៅក្នុងអគារនៅចំណុចស្ពានលេខ៧២ ស្ថិតក្នុងក្រុងសំពៅពូនដូចការចុះផ្សាយនោះទេ។ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានបណ្តឹងឬព័ត៌មានណាមួយថាមានការប្រើហិង្សានៅក្នុងទីតាំងអគារនោះដែរ។
ស្នងការដ្ឋាននគរបាលបានស្នើឱ្យលោក សួន ចំរើន ចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មកបំភ្លឺព័ត៌មានលម្អិតពាក់ព័ន្ធករណីនេះជាបន្ទាន់។
ស្នងការដ្ឋានក៏បានសំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត៕