ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពីអ្នកឧកញ៉ា ហេង សិទ្ធី
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ«អ្នកឧកញ៉ា» ពី «អ្នកឧកញ៉ា ហេង សិទ្ធី»។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមជម្រាបថា អ្នកឧកញ៉ា ហេង សិទ្ធី គឺត្រូវបានឈ្មោះ PHUA GEK SENG ជនជាតិសិង្ហបុរី កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៦ កាន់លិខិតឆ្លងដែន លេខ K0730715Z មានអាសយដ្ឋានស្នាក់នៅអាគារ 32A THEVIEW RESIDENCE BKK1 សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញបានពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្តឹងចំពោះឈ្មោះ ហេង សិទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sithy Heng និងប្រើប្រាស់គណនីតេឡេក្រាមលេខ +666-6164-7891 ពីបទ «បរិហារកេរ្តិ៍ និងគំរាម កំហែងទារប្រាក់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរ ព្រមទាំងឲ្យមានការរើសអើងជាសាធារណៈ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន»។
នៅក្នុងពាក្យបណ្ដឹងចំនួន២ទំព័រឈ្មោះ PHUA GEK SENG ជនជាតិសិង្ហបុរី បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានគណនីតេឡេក្រាមមួយមានលេខ +666-6164-7891 (Telegram) ដែលមានឈ្មោះ Sithy Heng បានឆាតទំនាក់ទំនងមកលោកដោយមានខ្លឹមសារគំរាមទាមទារឱ្យលោកប្រគល់ទឹកប្រាក់សរុបចំនួន USD ២,០០០,០០០ (ពីរលានដុល្លារសហរដ្ឋអាមេរិក) ឱ្យប្រគល់ទៅឈ្មោះដូចខាងលើ ព្រមទាំងបានគំរាមថានឹងទុកពេលឲ្យលោកក្នុង រយៈពេល ៣០នាទី បើមិនព្រមប្រគល់ចំនួនទឹកប្រាក់ខាងលើទេនោះ រូបគេថានឹងបង្ហោះរូបភាពលោកភ្ជាប់ជាមួយ ខ្លឹមសារលើបណ្តាញសង្គមហ្វេសប៊ុក តែលោកមិនព្រមប្រគល់ប្រាក់តាមការគំរាមកំហែងរបស់គេនោះទេ ។ លុះដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng (ជារបស់ឈ្មោះ ហេង សិទ្ធី ប្រើប្រាស់) បានយករូបភាពលោកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយខ្លឹមសារដូចខាងក្រោមថា៖ ខ្ញុំសូមជម្រាបជូនសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា មានប្រតិបត្តិករកាស៊ីណូអនឡាញធំជាងគេជនជាតិសាំងហ្គាពួរ សញ្ជាតិខ្មែរ ឈ្មោះហៅក្រៅ Tak ដែលបានលួចចូលមកកម្ពុជាសំងំ និងធ្វើ ដោយសំងាត់បំផុតដើម្បីលាងលុយ និងបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ រួមទាំងប្រជាពលរដ្ឋខ្មែរ យើង ថៃ ឡាវ មីយ៉ាន់ម៉ា ទួរគី ចិន កូរ៉េ តៃវ៉ាន់ និងប្រទេសផ្សេងទៀតក្នុងតំបន់។ ពួកគេកំពុងប្រើប្រាស់កម្មវិធីសូហ្វវែរ បច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើតគេហទំព័រខុសច្បាប់រាប់រយគេហទំព័រ ជាពិសេសបោកប្រាស់លុយរាប់លានដុល្លារបស់ ប្រជាជនអាស៊ានរាប់លាននាក់ដែលកំពុងក្លាយជាជនរងគ្រោះនៃសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ។ ពួកគេ ប្រតិបត្តិការជាមួយពួក Hacker អ្នកសរសេរកម្មវិធី និងបុគ្គលិក IT រាប់រយនាក់ទៀតដើម្បីបង្កើតអាណាចក្រល្បែង ខុសច្បាប់នៅក្នុងប្រទេសរបស់យើង។ នេះចាត់ទុកជាបញ្ហាធំណាស់ ដែលយើងត្រូវដោះស្រាយជាបន្ទាន់ ដើម្បី ការពារកេរ្តិ៍ឈ្មោះប្រទេសរបស់យើង និងប្រទេសអាស៊ានដទៃទៀត ដែលមានប្រជាជនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មនេះ ហើយពួកគេបានពង្រឹងរចនាសម្ព័ន្ធជាង១ទសវត្សរ៍មកហើយ។ លើសពីនេះ វាក៏ជាការគំរាមកំហែងដល់សង្គម និង រដ្ឋាភិបាលរបស់យើង ដោយសារតែសកម្មភាពខុសច្បាប់របស់ពួក Hacker និងអ្នកបោកប្រាស់រាប់ពាន់នាក់ ដែល លួចជ្រកកោននៅកម្ពុជា នៅថ្ងៃណាមួយនឹងវាយប្រហារប្រព័ន្ធរដ្ឋាភិបាលរបស់យើង។ ខ្ញុំបានភ្ជាប់ទីស្នាក់ការកណ្តាល ទីតាំងមួយចំនួន និងផ្ទះមេរបស់ពួកគេនៅក្នុងផែនទី Google Map។ ខ្ញុំសង្ឃឹមថាអាជ្ញាធរប្រយុទ្ធប្រឆាំងបទល្មើស បច្ចេកវិជ្ជាល្បែងស៊ីសងខុសច្បាប់កម្ពុជាដែលដឹកនាំដោយឯកឧត្តម ឌី វិជ្ជា នឹងចាត់វិធានការចំពោះសកម្មភាពនេះ។
ម៉្យាងវិញទៀត ថៅកែចាស់ទំនើងសញ្ជាតិសឹង្ហបុរីរូបនេះ ដែលជាមេឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតនេះបានបង្ហាញម៉ាក យីហោកាស៊ីណូក្រុមហ៊ុនរបស់ខ្លួនដែលមានឈ្មោះថា AFB88 ដែលជាកាស៊ីណូខុសច្បាប់ និងទ្រព្យសម្បត្តិរបស់គាត់ ដែលប្រមូលផ្តុំបានមកពីសកម្មភាពបោកប្រាស់ និងលាងលុយ គេក៏មានរថយន្តមហាទំនើបជាច្រើនគ្រឿងរួមមាន Bugatti ដែលមានតម្លៃប្រហែល ៦លានដុល្លារ, កាស៊ីណូនៅព្រំដែនវៀតណាម ជ្រៃធំ ក្រុងព្រះសីហនុ និងជាច្រើន ទីតាំងទៀត។ ដូចដែលយើងបានសិក្សា ទ្រព្យសម្បត្តិរបស់គាត់គឺប្រហែល ១ ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ។ ថ្មីៗនេះគាត់បានចូលរួមព្រឹត្តិការណ៍មួយហៅថា gumble 3000 ខណៈពេលដែលបង្ហាញរថយន្តទំនើបរបស់គាត់ជាង ១៥គ្រឿង និងម៉ាកយីហោកាស៊ីណូអនឡាញខុសច្បាប់របស់គាត់ដោយសេរី។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និង សម្តេច ហ៊ុន ម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាចាត់វិធានការជាបន្ទាន់លើមេដឹកនាំឧក្រិដ្ឋជននេះ ដោយការបង្កក់ ទ្រព្យសម្បត្តិ និងសាច់ប្រាក់នៅកម្ពុជាដែលជាផលបានមកពីការបោកប្រាស់ប្រជាពលរដ្ឋគួរឱ្យអាណិតរាប់លាននាក់។ ខ្ញុំ ជំរុញឱ្យមានការស៊ើបអង្កេតលើបរិវេណរបស់គាត់ និងអគារផ្សេងទៀតរបស់គាត់ដែលធ្វើសកម្មភាពខុសច្បាប់។ កម្ពុជា ជាប្រទេសដែលមានច្បាប់ និងមានតម្លាភាព ឧក្រិដ្ឋជនទាំងនោះគ្មានផ្លូវគេចពីច្បាប់របស់យើងទេ។ សូមសម្តេចទទួលនូវ ការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ហេង សិទ្ធី។
នៅក្នុងពាក្យបណ្ដឹងឈ្មោះ PHUA GEK SENG បានសំណូមពរ៖ ១. សូមឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឈ្មោះ ហេង សិទ្ធី យកមកផ្តន្ទាទោស និងអនុវត្តតាមនីតិវិធីច្បាប់។ ២. ប្តឹងទាមទារសំណងការខូចខាត និងជំងឺចិត្តជាប្រាក់ចំនួន USD ១,០០០,០០០ (មួយលានដុល្លារសហរដ្ឋអាមេរិក)។
គួរជម្រាបដែរ ពាក់ព័ន្ធករណីអ្នកឧកញ៉ា ហេង សិទ្ធី ខាងលើនេះ អ្នកលេងបណ្ដាញសង្គមដ៏មានឥទ្ធិពលម្នាក់ លោក ផែង វណ្ណៈ ចាងហ្វាង Pheng Vannak News បានបង្ហោះលើហ្វេសប៊ុកដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា «ជនជាតិសិង្ហបុរីមួយរូបគឺលោក Phua Gek Seng បានដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះ ហេង សិទ្ធី ពីបទ បរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់!
តាមខ្លឹមសារក្នុង ពាក្យបណ្ដឹង ដែលយើងខ្ញុំទទួលបានបានបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឈ្មោះ ហេង សិទ្ធី បានផ្ញេីសារជំរឹតទារលុយជនរងគ្រោះចំនួន ២លានដុល្លារ ដោយទុកពេលអោយជនរងគ្រោះ ៣០ នាទី ដេីម្បីវេរលុយទៅ ។ ដោយជនរងគ្រោះមិនព្រមប្រគល់លុយទៅតាមការជំរឹតទាររបស់ឈ្មោះ ហេង សុទ្ធី នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឈ្មោះ ហេង សិទ្ធី បានបង្ហោះរូបថតជនរងគ្រោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ធ្វើការបរិហារកេរ្តិ៍ ចោទប្រកាន់មួលបង្កាច់ជនរងគ្រោះថារកស៉ីស្គេមអនឡាញខុសច្បាប់ទៅវិញ ។
ដោយមេីលឃេីញទង្វើរបស់ឈ្មោះ ហេង សិទ្ធី ធ្វើអោយប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ខ្លួននៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
រឿងឧកញ៉ា high show ហេង សិទ្ធី ដែលបង្ហោះអួតយន្តហោះឯកជនថាជារបស់ខ្លួននោះ ធាតុពិតជាក់ស្ដែងមិនមែនជាយន្តហោះផ្ទាល់ខ្លួនរបស់គាត់ទេ។ ប្រភពមួយទៀតបង្ហេីបប្រាប់ថា គោរមងារ អ្នកឧកញ៉ារបស់ ឈ្មោះ ហេង សិទ្ធី ក៏ត្រូវបានបញ្ចប់ផងដែរ ។ ពេលនេះ ឈ្មោះ ហេង សិទ្ធី កំពុងរត់គេចខ្លួនទៅក្រៅប្រទេស»៕