វ៉ៃគ្នាផ្អើលអ្នកភូមិក្នុងស្រុកខ្សាច់កណ្តាល បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ខណៈក្រុមប៉ូលិសស្រុកគ្មានចាប់បានក្រុមជនដៃដល់សូម្បីតែម្នាក់
(កណ្ដាល)៖ មានករណីវ៉ៃគ្នាផ្អើលអ្នកភូមិក្នុងស្រុកខ្សាច់កណ្តាលបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈក្រុមប៉ូលិសស្រុកគ្មានចាប់បានក្រុមជនដៃដល់បាន សូម្បីតែម្នាក់ ពោលគឺក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ហេតុការណ៍ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២២៖៥០នាទីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្ថិតនៅ ភូមិស្វាយដំណាក់ ឃុំ ស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមប្រភពថា ជនរងគ្រោះចំនួន០៣នាក់៖ ១-ឈ្មោះ ពន បញ្ញា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ បើកបរឡានដឹកទឹកកក មានទីលំនៅភូមិពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរ កំពង់ចាម (ស្លាប់)។ , ២-ឈ្មោះ សល់ វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរខេត្តកំពង់ចាម (រងរបួស)។, ៣.ឈ្មោះ ផល្លា ចាន់ណា ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍ ឃុំ ស្វាយពោធិ៍ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម (រងរបួស)។
ដោយឡែកក្រុមជនសង្ស័យមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយក្រុមប៉ូលិសចាប់វត្ថុតាងមាន ដែកទីប១កំណាត់ ប្រវែងប្រហែល១.២៥ម៉ែត្រ។
បើតាមរបាយការណ៍ពីក្រុមប៉ូលិសបានឲ្យដឹងថា នៅវេលាម៉ោង២២៖០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះ រួមជាមួយនឹងមិត្តភ័ក្តឈ្មោះ ផល្លា ចាន់ណា និងឈ្មោះ សល់ វិសាល បានហូបស្រាបៀរនៅផ្ទះរបស់ឈ្មោះ សល់ វិសាល ដល់វេលាម៉ោង២២៖៤០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរី ២០២៥ ពាក់ផ្លាកលេខ កំពង់ចាម ១AF ៨៥៩៧ ចេញពីផ្ទះសំដៅមកដើរលេងនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ដោយជនរងគ្រោះឈ្មោះ ពន បញ្ញា ជាអ្នកឌុប ឈ្មោះ សល់ វិសាល ជិះនៅកណ្ដាល ឈ្មោះ ផល្លា ចាន់ណា ជិះពីក្រោយ ដល់វេលាម៉ោង២២៖៥០នាទី ថ្ងៃដដែល បានមកដល់ចំណុចមុខរោងកន្លែងជួសជុលម៉ូតូរបស់ឈ្មោះ ទីប ទី ភេទប្រុស អាយុប្រហែល២២ឆ្នាំស្ថិតនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រាប់តែមានក្រុមជនសង្ស័យចំនួន០៦ទៅ០៧នាក់ មិនស្គាល់អត្តសញ្ញាណបានរត់ចេញពីចំហៀងខាងកើតរោងកន្លែងជួសជុលម៉ូតូរបស់ឈ្មោះ ទីប ទី សំដៅមកជនរងគ្រោះ ដោយមានជនសង្ស័យម្នាក់ពាក់អាវយឺតដៃខ្លី ពណ៌ស មានកាន់ដែកបំពង់ទីបមួយកំណាត់ប្រវែងប្រហែល ១.២៥ម៉ែត្រ រត់មកដល់ចម្ងាយប្រហែល ៦ទៅ៧ម៉ែត្រពីម៉ូតូជនរងគ្រោះ ជនសង្ស័យបានយាដែកទីបគប់សំដៅទៅជនរងគ្រោះ ត្រូវចំថ្ងាសរបស់ជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសចម្ងាយពីកន្លែងកើតហេតុប្រហែល១០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ពន បញ្ញា បានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះឈ្មោះ សល់ វិសាល រងរបួសជង្គង់ទាំងសងខាង ហើយជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់។
ប្រភពបន្តថា បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរមៀត ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះឈ្មោះ សល់ វិសាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯជនរងគ្រោះឈ្មោះ ពន បញ្ញា បានស្លាប់បាត់បង់ជីវិតនៅទីកន្លែងកើតហេតុ និងរង់ចាំកម្លាំងជំនាញស្រុក និងកម្លាំនគរបាលការិយាល័យខេត្តធ្វើកោសល្យវិច្ច័យ។ ករណីនេះ សមត្ថកិច្ចបន្តស៊ើបអង្កេតស្រាវជ្រាវអនុវត្តតាមនីតិវិធី៕