សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការ​ធ្វើ​ដំណើររបស់​ប្រជាជន និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការ​រីកចម្រើន​ ដែល​ត្រូវតភ្ជាប់ពី​តំប​ន់មួយទៅតំបន់មួយទៀត

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង «ទីក្រុងមេគង្គ ឃី» ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការ​ធ្វើ​ដំណើររបស់​ប្រជាជន និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការ​រីកចម្រើន​ ដែល​ត្រូវតភ្ជាប់ពី​តំប​ន់មួយទៅតំបន់មួយទៀត។​ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ពិសេសស្ពាន គឺជាការតភ្ជាប់ប្រជាជន, សេដ្ឋកិច្ច និងតំបន់មួយទៅតំបន់មួយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាឧទាហរណ៍ជាក់ស្តែង យើងបានឃើញហើយថា ទន្លេមេគង្គ មុខបួន ត្រើយខាងលិច សុទ្ធតែ​អគារ ជ្រោយចង្វារ ព្រែកព្នៅ តែដោយឡែក​អរិយក្សត្រមិនទាន់អភិវឌ្ឍច្រើន ក៏ប៉ុន្តែអនាគត គឺនឹង​រីកដូចគ្នាទៅនឹងទិសខាងលិចដែរ»។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់​នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីក​ចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់​ដែលពាក់ព័ន្ធផងដែរ។​ ជាមួយគ្នានេះ សម្តេចបវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បានណែនាំផងដែរថា ទីក្រុងថ្មី នៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋា​រចនា​សម្ព័ន្ធឱ្យបានល្អ ធំទូលាយ​ ជាមួយទីធ្លាធំ បម្រើ​ដល់​សាធារណជន កីឡា សួនច្បារជាដើម។

បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា​ យុទ្ធសាស្ត្រផ្ការីករបស់​រាជរដ្ឋាភិបាល​ គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះ​ថា ផ្ការីកនៃសន្តិភាព សុខដុមនីយ​កម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា។ ដូចនេះយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃ​សង្គម​ជាតិ ដោយប្រែក្លាយនូវអ្វីដែលគេធ្លាប់តែថា​ សន្តិភាពកម្ពុជា មានប្រវត្តិត្រឹម​មួយ​ចម្អិនកំពឹស ទៅជាសន្តិភាព​ ដែលស្ថិតស្ថិររាប់រយឆ្នាំទៅមុខទៀត​ បេីទោះបីជាសន្តិភាព រយៈពេល​២៦ឆ្នាំកន្លងមក​នេះ​ គឺជាពេលវេលាដែលមានសន្តិភាព​យូរ​ជាង​គេ​ ក្នង​រយៈពេល​៥០០ឆ្នាំចុងក្រោយនៃ​ប្រវត្តិសាស្ត្រ​៕

អត្ថបទដែលជាប់ទាក់ទង