ផ្ទុះកំប៉ុងហ្គាសឆេះបន្ទប់ជួលមួយកន្លែងនៅខណ្ឌមានជ័យ
(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះបន្ទប់ជទួលមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតចំណុចផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប និងរថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៣ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ពុំបានប្រេីប្រាស់ទឹក។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) ឆេះសម្ភារៈប្រេីប្រាស់ដូចជា ខោអាវ ចាន, ឆ្នាំង, ចង្ក្រាន ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៨និង៥៥នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលឲ្យមកពីផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលប្រើប្រាស់ចង្ក្រានហ្គាស ក៏ដូចជាធុងហ្គាស ត្រូវធ្វើការត្រួតពិនិត្យមើលកំប៉ុងហ្គាស និងធុងហ្គាសចាស់ៗ ដោយមិនត្រូវធ្វេីការប្រេីប្រាស់នោះទេ ជៀសវាងបង្កហានិភ័យ៕