ក្រុមមន្ត្រីដើរផឹកសុីយប់នៅស្រុកលើកដែកជាដើមបណ្ដឹង តាំងខ្លួនជាជនរងគ្រោះក្លែងក្លាយបានព្យាយាមសុំអង្វរចុងបណ្ដឹងឲ្យបញ្ចប់និងបានសងសំណងទៅចុងបណ្ដឹងចប់ហើយ នៅឡើយករណីបាញ់មុខផ្ទះរាស្ត្រគំរាមប្រជាជនផ្អើលអ្នកភូមិព្រែកតូចទាំងកណ្ដាលអាធ្រាត្រនៅមិនទាន់ចប់នោះទេ
(កណ្ដាល)៖ វាពិតជារឿងចម្លែក ប្លែកទាំងចិត្ត ទាំងអារម្មណ៍នៅចុងឆ្នាំ២០២៤នេះណាស់ ករណីក្រុមមន្ត្រីសាលាស្រុកលើកដែក ឈ្មោះ លុច ពន្លឺ និងឈ្មោះ ឡុង ផល្លីន ដែលជាក្រុមជនបង្កហិង្សា បានតាមបាញ់គំរាមដល់មុខផ្ទះគេ និងបានដាក់ប្ដឹងគេ ទាំងដែលក្រុមខ្លួនឯងជាអ្នកផ្ដើមហេតុធ្វើឲ្យផ្អើលអស់ភ្ញៀវ បុគ្គលិក កម្មករ សន្តិសុខ និងថៅកែក្លឹប នៅក្នុងក្លឹប Mr. LENG កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បែរជាព្យាយាមតាមសុំអង្វរចុងបណ្ដឹងឲ្យជួយសម្របសម្រួលបញ្ចប់បញ្ហា និងបានយល់ព្រមសងសំណងអស់លុយរាប់សិបម៉ឺនរៀលបន្ថែមទៀត។ តើនេះ ជាករណីអ្វីទៅ បានជាក្រុមជនបង្ក តាំងខ្លួនជាជនរងគ្រោះក្លែងក្លាយ ជាដើមបណ្ដឹង បែរជាព្យាយាមតាមសុំអង្វរចុងបណ្ដឹងឲ្យបញ្ចប់រឿង បញ្ចប់បញ្ហា និងបានយល់ព្រមសងជំងឺចិត្តអស់លុយរាប់សិបម៉ឺនរៀលឲ្យខាងចុងបណ្ដឹងទៅវិញ?
ពាក់ព័ន្ធករណីខាងលើនេះ វាហាក់ដូចជាផ្ទុយស្រឡះពីសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែរថា ក្រុមមន្ត្រីសាលាស្រុកលើកដែកគឺជាជនរងគ្រោះនោះ ពេលនេះមានសេចក្តីរាយការណ៍ថា ក្រុមលោក លុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែកបានសម្របសម្រួលជាមួយភាគីជនរងគ្រោះតាមរយៈសំណងជាលុយកាក់និងការយោគយល់គ្នាដើម្បីបញ្ចប់រឿងបានដោយជោគជ័យ។ ក្នុងពេលជា មួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ដែរថា កម្លាំងនគរបាលខេត្តកណ្ដាលបានបើកការស៊ើបអង្កេតករណីនេះឡើងវិញ ក្រោយពីមានការរិះគន់ច្រើនតាមបណ្ដាញសង្គម។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរទីកើតហេតុ ស្ថិតក្នុងភូមិព្រែកដាច់ ភូមិព្រែកតូវ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាលបានឲ្យដឹងថា អាណាព្យាបាលភាគីរងគ្រួសារពិតប្រាកដ បានទទួលការពឹងពាក់ពីជនទី៣ ដើម្បីសម្របសម្រួលបញ្ចប់រឿងករណីហិង្សានេះ។ ដូច្នេះវាប្រាកដថា ក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែក មិនមែនជាជនរងគ្រោះដូចដែរសមត្ថកិច្ចនគរបាលមូលដ្ឋានលើកដែករកឃើញនិងស្រាយបំភ្លឺនោះទេ។ ការសម្របសម្រួលបញ្ចប់រឿងជាមួយនឹងការបោះលុយរាប់សិបម៉ឺនរៀលទៅឱ្យក្រុមគ្រួសារជនរងគ្រោះនោះត្រូវបានប្រភពប្រាប់ថា បានបញ្ចប់រួចរាល់ហើយទៅលើភាគីរងគ្រោះទី១និងភាគីរងគ្រោះម្នាក់ទៀតក៏ បានសម្របសម្រួលរួចរាល់ហើយដែរ។
រឿងសទៅជាខ្មៅ,ខ្មៅទៅជាសនេះ បានធ្វើឲ្យមជ្ឍដ្ឋានបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំង ទៅលើសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ប្រជាពលរដ្ឋនៅតំបន់ទីកើតហេតុអះអាងថា រឿងរ៉ាវវាមិនដូចអ្វីដែលជាការឆ្លើយតបបំភ្លឺទៅនឹងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ភាគីជនបង្ក គឺជាក្រុមមន្ត្រីសាលាស្រុកលើកដែក។
លើបណ្ដាញសង្គមបានលើកជាសំណួរថា តើហេតុផលអ្វីបានជាលោក លុច ពន្លឺ ទៅជន្លលេងភាគីម្ខាងទៀតនៅគ្រាដែលលោកដឹងថា ម្នាក់នោះកំពុងស្រវឹងដាបទៅហើយ?។ តើការពិតវាយ៉ាងដូចម្ដេច? តាមសេចក្តីរាយ ការណ៍ថា គឺក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែកដឹកនាំដោយលោក លុច ពន្លឺ បានព្យាយាមអូសទាញជនរងគ្រោះទៅបន្ទប់ទឹក ហើយប្រើអំពើហិង្សាយ៉ាងចាស់ដៃទៅលើជនរងគ្រោះ។ នៅបន្ទប់ទឹកឬក្បែរបន្ទប់ ទឹក មិនមានបំពាក់កាមេរ៉ាសុវត្ថិភាពនោះទេ។ ដូច្នេះក្រុមលោក លុច ពន្លឺ គិតថា អ្វីដែលខ្លួនធ្វើមិនត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពនោះឡើយ។
បើទោះជាមនុស្សស្គាល់គ្នា ឬមិនស្គាល់គ្នា ដោយប្រការណាមួយ ប៉ុន្តែការជន្លរលេងដោយលោក លួច ពន្លឺ គឺជាដើមហេតុនាំឲ្យមានអំពើហិង្សា ប៉ុន្តែនោះមិនមែនជាការជន្លលេងដូចលោក លុច ពន្លឺ អះអាងឲ្យអ្នកកាសែតដឹងនោះទេ គឺមន្ត្រីចរិកក្អែងក្អាងរូបនេះ បានហៅគេចូលក្នុងបន្ទប់ទឹកនិងបានទាត់គេមួយជើងយ៉ាងធ្ងន់។ ហើយបន្ទាប់មក មិនអស់ចិត្តពីក្បែរបន្ទប់ទឹក ទីដែលគ្មានកាមេរ៉ាសុវត្ថិភាព ពួកគេបន្តទៅប្រើហិង្សានៅមុខក្លឹបកំសាន្តដែលគេគិតថា កាមេរ៉ាសុវត្ថិ ភាពមិនអាចថតបាន។ ទំនងជាដោយសារឈឺផង ភាគីជនរងគ្រោះអាចនឹងជេរប្រទេចដោយប្រការណាមួយទៅលើក្រុមជនបង្កធ្វើឲ្យក្រុមលោក លុច ពន្លឺ ក្តៅក្នុងឱរ៉ាក៏បានបន្តប្រើហិង្សាមួយឈុតទៀតលើជនរងគ្រោះម្នាក់ទៀតដោយវ៉ៃកញ្ចឹងកមួយដៃ ទាត់ធាក់បីបួនជើងចាប់បង្ខំឲ្យគេលត់ជង្គង់ដូចជាអ្នកទោស។ បន្ទាប់មកក៏មានករណីបើកឡានប៉ូលិសបំពាក់សារ៉ែន ហើយតាមគេដល់មុខផ្ទះនិងបានផ្ទុះអាវុធនៅមុខផ្ទះជនរងគ្រោះនោះថែមទៀត ជាហេតុឲ្យប្រជាពលរដ្ឋក្នងមូលដ្ឋានភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែកមានការភ្ញាក់ពីដំណេកនាំគ្នាឡើងមកមើលឈូឆរទាំងកណ្ដាលអាធ្រាត្រ។
ដំណើរដើមទងបណ្ដាក់គ្នាដូចខ្យងយ៉ាងនេះ ហេតុអ្វី បានជាគេបំភ្លឺថា ជនបង្កទៅជាជនរងគ្រោះហើយ ជនរងគ្រោះទៅជាជនបង្ក។ នោះក៏ព្រោះតែជនបង្កបានទៅដាក់ពាក្យបណ្ដឹងមុនជនរងគ្រោះ ឬយ៉ាងដូចម្ដេច? ក្រោយឈ្នះ នៅលើសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តកណ្ដាល ដែលជារបាយករណ៍ភូតកុហករបស់មន្ត្រីតែស្ក ឬមន្ត្រីជើង១០ ដែលមានលោកស័ក្ដ៥ អាំ ធូ ជាមេប៉ូលិសប្រចាំស្រុកលើកដែកនោះ ក្រុមលោក លុច ពន្លឺ បានព្យាយាមសម្របសម្រួលជាមួយភាគីជនរងគ្រោះ ដោយចំណាយលុយរាប់សិបម៉ឺនរៀលដើម្បីបញ្ចប់រឿងទៅវិញ? តើករណីនេះគួរឲ្យឆ្ងល់ដែរឬទេ ហើយចម្លែកទេ ដែលដើមបណ្ដឹងសុំសងលុយទៅចុងបណ្ដឹងយ៉ាងនេះ?
គ្រាន់តែនៅលើខ្ទង់ ខំមិន(common) តាមបណ្ដាញសង្គមក៏អាចយល់បានដែរថា តើការពិតនោះយ៉ាងណា?ឬមួយក្នុងនាមសមត្ថកិច្ចគ្រាន់តែទាញក្រដាស១សន្លឹកយកមកបំភ្លឺរួចហើយបញ្ចប់រឿង? យ៉ាងណាក៏ដោយប្រភពបង្ហើបថា កម្លាំងនគរបាលខេត្តកណ្ដាលមួយក្រុមបាននឹងកំពុងចុះទៅស៊ើបអង្កេតរឿងនេះឡើងវិញ ដើម្បីរកស,ខ្មៅផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង។ ប្រជាពលរដ្ឋនៅតំបន់ពីកើតហេតុរំពឹងថា យុត្តិធម៌នឹងមានសម្រាប់ភាគីទាំង សងខាង ហើយក្រុមមន្ត្រីទាំងនោះគួរតែទទួលទោសពីទង្វើអគតិរបស់ខ្លួន ដែលវាផ្ទុយនិងច្បាប់ស្ដីពីការប្រើប្រាស់ កាន់កាប់អាវុធ ជាពិសេសផ្ទុយពីអនុសាសន៍របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីកម្ពុជាថា «មន្ត្រីជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់» មិនមែនដូចក្រុមមន្ត្រីឈ្មោះ លុច ពន្លឺ ឡុង ផល្លីន និងគូរកននោះឡើយ?។
រឿងនេះវាដូចជាករណីដំរីងាប់ យកចង្អេរទៅបាំងយ៉ាងដូច្នោះដែរ។ ហេតុដូចម្ដេចបានជាត្រូវព្យាយាមការពារពួកជនល្មើសខិលខូចយ៉ាងដូច្នោះទៅវិញ? ករណីបាញ់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងយប់អាធ្រាត្រនឹងត្រូវខណ្ឌចប់ដោយសុវត្ថិភាពឬយ៉ាងដូចម្ដេច? តើរបាយការណ៍មិនពិតរបស់លោកអធិការស្រុកលើកដែកនឹងមានឥទ្ធិពលបែបណាជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលបានដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ហើយនឹងត្រូវបញ្ចប់រឿងក្រុមអ្នកប្រើហិង្សាលោក លុច ពន្លឺ នោះដែរឬទេ ខណៈមហាជនកំពុងរង់ចាំមើលចំណាត់ការបន្តទៀត៕