ឃ្លាំងស្តុកកេសទំនិញមួយនៅក្នុងសង្កាត់កំពង់សំណាញ់ លោក យ៉ាវ ឡេង ចៅសង្កាត់ឆ្លើយថា «អត់ដឹងទេ!»
(កណ្ដាល)៖ បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា មានឃ្លាំងស្តុកកេសទំនិញជាច្រើនដែលគេសង្ស័យថា ជាឃ្លាំងអត់ច្បាប់និងបានស្តុកទំនិញគេចពន្ធមិនមានច្បាប់ត្រឹមត្រូវ នៅចំណុចក្បែរទីតាំងចំណតឡានដឹកសំរាម ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមប្រភពបានបន្តថា ឃ្លាំងនេះបានស្តុកកេសទំនិញជាច្រើនដោយក្នងកេសទាំងនោះ គេនៅមិនទាន់ដឹងថា មានទំនិញអ្វីនោះទេ តែគេឃើញមានបុរសម្នាក់បានយួរទំនិញជាប្រភេទឡានជ័រសម្រាប់ក្មេងលេងចេញមកខាងក្រៅ ហើយមានស្ត្រីម្នាក់ទំនងជាម្ចាស់ឃ្លាំងចាំទទួលលក់ចេញឲ្យភ្ញៀវយកទៅលក់បន្ត។
បើតាមលោក យ៉ាវ ឡេង ចៅសង្កាត់កំពង់សំណាញ់បានឲ្យ The Mirror News ដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះថា លោកអត់ដឹងទេ ជួយផ្ញើទីតាំងមក លោកដឹកនាំកម្លាំងនិងប៉ូលិសចុះទៅមើល។
ជុំវិញករណីខាងលើ លោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានឲ្យដឹងដែរថា លោកអត់បានដឹងទេ សុំជួយផ្ញើទីតាំង (Location)មក លោកនឹងចាត់មន្ត្រីឲ្យចុះទៅពិនិត្យ។
ពាក់ព័ន្ធឃ្លាំងស្តុកកេសទំនិញ បើតាមមន្ត្រីនគរបាលជំនាញសេដ្ឋកិច្ចរបសើស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមួយរូបបានឲ្យដឹងដែរថា ចំពោះទីតាំងខាងលើនេះ លោកមិនដែលស្គាល់ទេ ហើយលោកក៏មិនទាន់ដឹងច្បាស់ដែរថា ជាគ្រឿងជ័រឬជាអ្វីនោះទេ សំខាន់លោកសុំឲ្យជួយទម្លាក់ទីតាំងជូនគាត់ដើម្បីលោកចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យ។ លោកបន្តថា លោកក៏មិនទាន់ដឹងច្បាស់ដែរថា គេអត់ច្បាប់ឬក៏គេចពន្ធនៅឡើយនោះទេ ទាល់តែទៅមើលផ្ទាល់ ហើយសុំគេមើលឯកសារថា ទំនិញខាងលើមានពន្ធឬក៏អត់ពន្ធនោះទេ ព្រោះលោកមិនទាន់ដឹងច្បាស់។
ទាក់ទិនឃ្លាំងខាងលើ បណ្ដាញសារព័ត៌មាន The Mirror News នៅមិនទាន់អាចសុំការបញ្ជាក់ពីថៅកែឃ្លាំងនិងមន្ត្រីគយប្រចាំខេត្តកណ្ដាលបាននៅឡើយនោះទេ ដោយសារពុំមានលេខទូរស័ព្ទដែលអាចធ្វើការទំនាក់ទំនងគ្នាបាន ក៏ប៉ុន្តែបណ្ដាញសារព័ត៌មាន The Mirror News នៅតែរង់ចាំការបំភ្លឺជូនពីគ្រប់ភាគីពាក់ព័ន្ធដើម្បីតុល្យភាពព័ត៌មាន និងពុំមានការភាន់ច្រឡំពីសាធារណៈជនរៀងរាល់ម៉ោងធ្វើការ៕