លួចដឹកឈើព្រៃខុសច្បាប់ចូលស្រុកមិនជោគជ័យ ត្រូវក្ស័យជីវិតម្នាក់ បាក់ភ្លៅរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៦២ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
(ព្រះវិហារ)៖ បើតាមសេចក្ដីរាយការណ៍ថា មានករណីតៃកុងឡានម្នាក់បានស្លាប់គាប់ជាប់កាប៊ិនឡានក្នុងហេតុការណ៍លួចដឹកឈើព្រៃខុសច្បាប់ចូលស្រុក ចំណែកព្រូឡានម្នាក់ទៀតបានបាក់ភ្លៅទាំងសងខាង រងរបួសធ្ងន់ ព្រោះជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាទៀបភ្លឺ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីឈិនពណ៌ ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពបានបន្តថា អ្នកបើកបររថយន្តមានឈ្មោះ ធី ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានស្លាប់ភ្លាមៗ ដោយគាប់ជាប់ក្នុងកាប៊ិន។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះ តន់ សារ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់បាក់ភ្លៅទាំងសងខាង។
ប្រភពបញ្ជាក់ថា រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 បើកបរពីទិសខាងកើតទៅទិសខាងលិច។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ៕