ចាប់ខ្លួនឃាតករដែលសម្លាប់កាត់ក្បាលស្ត្រីបម្រើការងារនៅក្រុងបាវិតបានហើយ

ភ្នំពេញ៖ សមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួនឃាតករដែលបានសម្លាប់នារីបម្រើការនៅកាស៊ីណូ ក្រុងបាវិត ខេត្តស្វាយរៀងបានហើយ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខណៈពេលកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ឃាតករបានលេបថ្នាំសម្លាប់ខ្លួន ហើយសមត្ថកិច្ចបាននាំខ្លួនឃាតករទៅព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីព្យាបាលរួច នឹងធ្វើការសាកសួររឿងនៃការសម្លាប់ស្ត្រីរងគ្រោះដោយកាត់ក្បាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឃាតករឈ្មោះ ឡោ គង់ហួរ។

សូមជម្រាបថា ស្ត្រីបម្រើការនៅកាស៊ីណូ DYNASTY ត្រូវបានឃាតកសម្លាប់យ៉ាងសាហាវឃោរឃៅដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំងអាក្រាតកាយ។ ករណីឃាតកម្មនេះ បានកើតឡើងនៅរំលងអធ្រាត្រ វេលាម៉ោង០០ៈ៤០នាទី ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះរួចរាល់ហើយបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីឃាតកម្មនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនឃាតករ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង