ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា នឹងបន្តការជួយជ្រោមជ្រែងការកសាងសមត្ថភាពយុវជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រទី២១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ អញ្ជើញមកពីមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (Cambodia International Education Support Foundation – CIESF) ដឹកនាំដោយលោក OKUBO Hideo ស្ថាបនិកមូលនិធិ ដោយមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ក្នុងជំនួបនាឱកាសនោះ គណៈប្រតិភូ CIESF បានបង្ហាញនូវការកោតសរសើ និងចំណាប់អារម្មណ៍ខ្ពស់ ចំពោះគម្រោងនានា ដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកមកជម្រាបជូន ក្នុងនោះរួមមាន៖ ១-គម្រោងស្ថាបនាមន្ទីរពេទ្យតេជោសែនកោះធំ, ២-ការកសាងសមត្ថភាពយុវជនកម្ពុជា តាមរយៈការបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន, ៣-ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង៤-កិច្ចសហការជាមួយស្ថាប័ននានា ក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រមូល និងគ្រប់គ្រងទិន្នន័យ។ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចនៅតាម ទីតាំងសំខាន់ៗក្នុងក្រសួង ដូចជា មជ្ឈមណ្ឌលរក្សាទិន្នន័យ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាលសហសិក្សាផងដែរ។

ជាមួយនឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តការល្អៗ ដែលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន តែងតែមានរវាងគ្នាកន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថាមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា នឹងបន្តការជួយជ្រោមជ្រែងការកសាងសមត្ថភាពយុវជនកម្ពុជា តាមរយៈការអប់រំបណ្តុះបណ្តាល និងរំពឹងថាមានកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង