ឆ្ដោស៊ីកូនឯង, ឪពុកចិត្តតិរច្ឆានចាប់រំលោភកូនស្រីអាយុ៤ឆ្នាំបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ!
ភ្នំពេញ៖ នៅព្រឹកវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ជាឪពុកដែលបានរំលោភកូនស្រីអាយុ៤ឆ្នាំ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។
ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ជនសង្ស័យជាឪពុកឈ្មោះ យូ កុសល អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពបន្ថែមថា នៅវេលាយប់ថ្ងៃកើតហេតុស្ត្រីជាប្រពន្ធបានទៅធ្វើការនៅក្នុងហាងផឹកស៊ីមួយកន្លែង ដោយទុកកូនស្រីឲ្យនៅជាមួយប្ដីដែលជាជនសង្ស័យខាងលើ។លុះក្រោយពីប្រពន្ធចេញទៅបាត់ ជនសង្ស័យខាងលើនេះ បានយកទូរស័ព្ទដៃ០១គ្រឿងទៅឲ្យកូនស្រីដេកមើលវីដេអូតុក្កតា។ ក្រោយមកជននេះ បានចាប់សម្រាតខោខ្លីកូនស្រីរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈតែម្ដង ជាហេតុធ្វើឲ្យកូនស្រីមានការឈឺចាប់ក៏ស្រែកយំខ្លាំងៗ។
ប្រភពបន្តទៀតថា បន្ទាប់មកជនសង្ស័យបានលួងកូនស្រីឲ្យដេក លុះដល់ថ្ថ្ងៃី១៣ ខែមេសា ឆ្នាំ២០២៣ ស្ត្រីជាប្រពន្ធបានងូតទឹកឲ្យកូនស្រីក៏បានឃើញប្រដាប់ភេទកូនស្រីមានសភាពហើម និងហូរខ្ទុះឈាមចេញពីប្រដាប់ភេទ។ គ្រានោះ ប្រពន្ធក៏សួរកូនស្រីថាហេតុអ្វីបានប្រដាប់ភេទកូនហើមអញ្ចឹង? កូនស្រីបានប្រាប់ថា ប៉ាៗរំលោភកូន។ ពេលនោះប្រពន្ធបានសួរប្ដីថា មានបានធ្វើអ្វីផ្តេសផ្តាសទៅលើកូនអត់? ប៉ុន្តែជនសង្ស័យបានបដិសេធថាមិនបានធ្វើអីទេ។
ក្ក្រោយមកអ្នកទាំង២បានទាស់សំដីគ្នាយ៉ាងខ្លាំង បន្ទាប់មកជនសង្ស័យជាប្ដីនិងជាឪពុកបានយកខោអាវចាកចេញពីផ្ទះចោលប្រពន្ធនិងកូនទៅស្នាក់នៅកន្លែងធ្វើការនៅឃ្លាំងយីហោ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកប្រពន្ធក៏ពុំទាន់ប្ដឹងផ្ដល់អ្វីដែរ ហើយបាននាំកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គ្រានោះគ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះមានអការៈរលាកប្រដាប់ភេទ តម្រូឲ្យដេកសម្រាកនៅមន្ទីរពេទ្យចំនួន០៥ថ្ងៃ ដើម្បីព្យាបាលរបួស។
ប្រភពបង្ហើបទៀតថា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទើបប្រពន្ធបាននាំកូនស្រីចាកចេញពីក្នុងមន្ទីរពេទ្យគន្ធបបុប្ផាដើម្បីទៅកាន់អង្គការភាពញញឹមនៃកុមារ ដែលមានទីតាំងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យពិនិត្យអាការៈកូនម្តងទៀត។ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ប្រដាប់ភេទកូនស្រីមានអការៈរលាកខ្លាំង អាចបណ្តាលមកពីការប៉ះទង្គិចនឹងវត្ថុរឹង។
ប្រភពបន្តទៀតថា ក្រោយពេលឮគ្រូពេទ្យប្រាប់បែបនេះបានធ្វើឲ្យស្ត្រីជាប្រពន្ធ មានការសង្ស័យកាន់តែខ្លាំងឡើងទៅលើប្ដីថាជាអ្នកចាប់រំលោភកូនស្រី ទើបនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ប្រពន្ធបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍តែម្តង។លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល នគរបាលបានទៅនាំខ្លួនជនសង្ស័យ នៅពីឃ្លាំងលេខ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។
ក្រោយពេលនគរបាលសួរនាំ ហើយដោយមិនអាចប្រកែកបាន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួនឯងមែន។បន្ទាប់មកស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹងសុំឲ្យនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕