«ការចូលបម្រើការងាររបស់ជនមានពិការភាពទាំងក្នុងវិស័យសាធារណៈ និងឯកជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ..»
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងបើទោះបីជាទទួលនាមសមិទ្ធផលជាច្រើនទាក់ទងនឹងជនមានពិការភាព ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនក្នុងចំណោមជនមានពិការភាពគំហើញ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ទាមទារឱ្យមានការចូលរួមទាំងអស់គ្នាពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយ។
ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងដូចនេះក្នុងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការកសាងផែនការសកម្មភាពគាំទ្រជនអូទីស្សឹមនៅកម្ពុជា» នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
ឯកឧត្តមបានលើកឡើងថា «ការចូលបម្រើការងាររបស់ជនមានពិការភាពទាំងក្នុងវិស័យសាធារណៈ និងឯកជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈទិន្នន័យពិការភាពនិងសក្ខីកម្មទាក់ទងនឹងពិការភាពកាន់តែមានភាពច្បាស់លាស់ និងអាចប្រៀបធៀបបានសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយប្រកបដោយភាពប្រាកដនិយម»។
ឯកឧត្តម ឯម ច័ន្ទមករា គូសបញ្ជាក់ថា «សមិទ្ធផលជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ដែលបានមកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងនៅក្នុងវិស័យពិការភាពនិងវិស័យផ្សេងៗទៀត ពិសេសពីតំណាងជនមានពិការភាពនិងក្រុមគ្រួសារ ខណៈសមិទ្ធផលទទួលបានជាច្រើនក៏នៅមានជួបបញ្ហាប្រឈមមួយចំនួនទៀត ជាពិសេសបញ្ហាក្នុងចំណោមជនមានពិការភាពគំហើញ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ដែលទាមទារឱ្យមានការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការដោះស្រាយជាលក្ខណៈពហុវិស័យ»។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះបានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតផ្តល់ឱកាសឱ្យជួបជុំពិភាក្សាបន្ថែមអំពីបច្ចុប្បន្នភាព នៃការយល់ដឹងស្ថានភាពអូទីស្សឹមនៅកម្ពុជា ក្នុងគោលបំណងឈានទៅបង្កើតផែនការសកម្មភាពជាក់លាក់នាពេលអនាគត៕