ករណីប៉ូលិសស្រីបោកលុយជិត២០ម៉ឺនដុល្លារ ពលរដ្ឋរងគ្រោះ១៨គ្រួសារសំណូមពរដល់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយផ្តល់យុត្តិធម៌

កណ្ដាល៖ សំណុំរឿង ឆបោកប្រាក់ជិត២០ម៉ឺនដុល្លារពីប្រជាពលរដ្ឋចំនួន១៨គ្រួសារនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ប្រព្រឹត្តដោយ ជនជាប់ចោទ ឈ្មោះ ធូក ចិន្តា ជាអតីតនគរបាលប៉ុស្តិ៍ឃុំបឹងគ្រុំ និងក្រោយមកផ្ទេរចេញមកជាមន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលត្រូវជាកូនស្រីរបស់ លោក ជា ថុល អតីតអធិការនគរបាលស្រុកល្វាឯមដ៏មានឥទ្ធិពល នឹងត្រូវលើកយកមកបើកសវនការជំនុំជម្រះដោយ លោកចៅក្រម វ៉ាន់ សុបញ្ញា និង លោក អ៊ុន សុវណ្ណធានី ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ឈ្មោះ វ៉ាន់ សុភឿន និង ភរិយា ឈ្មោះ យ៉ា ផល្លី ដែលជាតំណាង ប្រជាពលរដ្ឋ១៨គ្រួសារ សំណូមពរ លោកចៅក្រមជំនុំជម្រះ តំណាងអយ្យការ ឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាល និងជាពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយផ្តល់យុត្តិធម៌ ឱ្យពួកគាត់ទទួលបានប្រាក់ដែល ឈ្មោះ ធួក ចិន្តា បានឆបោក សម្រាប់ដោះស្រាយចិញ្ចឹមជីវិត និងបំណុលធនាគារ ព្រោះថា បន្ទាប់ពីឈ្មោះ ធួក ចិន្តា បានឆបោកប្រាក់ពួកគាត់អស់ជាច្រើនមក ហើយបានប្តូរទីលំនៅ គេចវេសមិនទទួលខុសត្រូវ បានធ្វើឲ្យជីវភាពពួកគាត់ជួបការលំបាកយ៉ាងខ្លាំង ពិសេសជាប់ជំពាក់ធនាគារ។

គួរជម្រាបថា ឈ្មោះ ធួក ចិន្តា ត្រូវបានកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ហើយ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រចដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «ឆបោក» តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល កាលអំឡុងឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង