ឃាតករម្នាក់និងចោរម្នាក់លួចហែកទ្រុងឃុំឃាំង រត់គេចខ្លួនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានលួចហែកទ្រុងដែកនៃបន្ទប់ឃុំឃាំង ខណៈមេឃកំពុងភ្លៀងខ្លាំង បានរត់គេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ប្រភពបន្តថា ជនសង្ស័យទាំងពីរ ដោយម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ បានជាប់ពាក់ព័ន្ធបទល្មើសករណី២ផ្សេងគ្នា ក្នុងនោះជនបរទេសស្បែកខ្មៅ ជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំងពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង