ឧកញ៉ា ជឹម សុខ ត្រូវបានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មសម្រាប់ខេត្តព្រៃវែងក្នុងអាណត្តិទី២ លើកទី២
ព្រៃវែង៖ បន្ទាប់ពីដំណើរការនៃកាបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែង ដែលធ្វើឡើងនៅមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រយៈពេលពេញមួយថ្ងៃ ដោយដំណើរការបោះឆ្នោតនេះ ចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ហើយមានការចូលរួម បោះឆ្នោតគាំទ្រពីលោកប្រធាន អនុប្រធាន រួមនិងសមាជិកចាស់ ព្រមទាំងបងប្អូនអាជីវករ ពាណិជ្ជករ និងសេវាករជាច្រើននាក់ផងដែរ។ ដោយក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១៣ រូប ហើយជាលទ្ធផលក្នុងការរាប់សន្លឹកឆ្នោតបោះឆ្នោតគាំទ្រឃើញថាមានបេក្ខជនចំនួន១១ រូបបានជាប់ ជាសមាជិកសភាពាណិជ្ជកម្មខេត្តព្រៃវែងថ្មី ដើម្បីបំពេញ បន្ថែមសមាជិកចាស់ដែលមានប្រធាន អនុប្រធាន និងសមាជិកនៅក្នុងអាណត្តិចំនួន៤រូប ដើម្បីបង្គ្រប់ចំនួន១៥រូប។
ក្នុងនោះដែរ លោក ឧកញ៉ា ជឹម សុខ ត្រូវបានសមាជិក សមាជិការ នៃសភាពាណិជ្ជកម្មខេត្ត បានបោះឆ្នោតគាំទ្រ ឲ្យលោក ឧកញ៉ា ធ្វើជាប្រធានសភាពាណិជ្ជកម្ម សម្រាប់ខេត្តព្រៃវែង ក្នុងអាណត្តិទី២ លើកទី២ នេះ ដើម្បី បន្តដឹកនាំអភិវឌ្ឍន៍វិស័យ ពាណិជ្ជកម្មនៅក្នុងខេត្តព្រៃវែងឲ្យកាន់តែរីកចម្រើនបន្ថែមទៀតសម្រាប់បងប្អូនអាជីវករ ពាណិជ្ជករ សេវាករណ៍ ដែលបានជឿជាក់ ក៏ដូចជា សមាជិក សមាជិការ នៃសភាពាណិជ្ជកម្មខេត្ត បានបន្តបោះឆ្នោត ឲ្យលោក ឧកញ៉ា ជឹម សុខ ជាប់ជាប្រធានសភាពាណិជ្ជកម្ម នៅក្នុងអាណត្តិទី ២ លើកទី២ សម្រាប់ខេត្តព្រៃវែងនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែងនៅថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយភាព យុត្តិធម៌ តម្លាភាព និងត្រឹមត្រូវពិតប្រាកដ។ ហើយលទ្ធផលដែល បេក្ខជនជាប់ទាំង ១១ រូបនេះ គឺបង្ហាញពីការ គាំទ្រ ស្រឡាញ់ជឿទុកចិត្ត ពីសំណាក់បងប្អូនអាជីវករ សេវាករ និងពាណិជ្ជករ ជាច្រើនមកលើបេក្ខជនម្នាក់ៗដែលខ្លួនពេញចិត្ត។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាសភាពាណិជ្ជកម្មគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ពិសេសវាបានជួយស្រូបយកវិស័យឯកជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងការពង្រឹង វិស័យពាណិជ្ជកម្ម ក៏ដូចជា បានផ្តល់ឱកាសការងារជាច្រើនឲ្យ យុវជនមានការងារធ្វើ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិអោយកាន់តែប្រសើរឡើងបន្ថែមទៀត។
ថ្លែងនៅក្នុងនោះដែរ ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានមានប្រសាសន៍ ផ្ដាំផ្ញើរដល់សមាជិកសភាពាណិជ្ជកម្មដែលទើបតែជ្រើសរើសថ្មីទាំង១១ រូប និងប្រធានសភាពាណិជ្ជកម្ម ជាប់ឆ្នោតថ្មីនេះ ត្រូវសហការគ្នាជាមួយសមាជិកចាស់ដោយធ្វើយ៉ាងណាបង្កើនទំនាក់ទំនងជាមួយនិងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកព័ត៍មានដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ពិសេសជួយរកទីផ្សារដល់បងប្អូនអាជីវករ ពាណិជ្ជករ និងសេវាករ តាមរយៈការគៀងគររកអង្គការដៃគូ និងក្រុមឈ្មួញផ្សេងៗទៀត ដើម្បីធ្វើការទិញលក់ផលិតផលរបស់ពួកគាត់និងដើម្បីជម្រុញដល់ដំណើរការខ្សែចង្វាក់ផលិតកម្មផ្សេងៗ ក្នុងការរួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនអាជីវករ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ហើយក្នុងនោះដែរ លោក ឧកញ៉ា ជឹម សុខ ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មនៅក្នុងអាណត្តិទី ២ លើកទី ២ សម្រាប់ខេត្តព្រៃវែងថ្មីនេះ បានធ្វើការផ្តាច់ជ្ញាចិត្តថា៖ និងខិតខំដឹកនាំសភាពាណិជ្ជកម្មខេត្តអោយទទួលបានជោគជ័យ, បង្កើនសាមគ្គីភាពទាំងផ្ទៃក្នុងសភា និងរក្សាកិច្ចសហប្រតិបត្តិការជាមួយអង្គភាព-ស្ថាប័ន នានា ដោយយកអស់កម្លាំងកាយចិត្ត ចូលរួមគ្រប់សកម្មភាពនានាទាំងក្នុង និង ក្រៅប្រទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យឯកជនអោយកាន់តែមានកាលានុវត្តភាព និងឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល, បង្កើនទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍រវាងគ្នាទៅវិញទៅមកផងដែរ៕