ស្នងការខេត្តកំពត៖ ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់..!

ភ្នំពេញ៖ «អំពើហឹង្សារមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក»។ បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

គួរជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានកោះហៅលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោឲ្យចូលបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោមកបំភ្លឺករណីហិង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬឲ្យសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោសូមអរគុណលោក គឹម បញ្ញា ដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហិង្សាលើភរិយា។

ទាក់ទិនរឿងរ៉ាវទាំងអស់នេះ កើតឡើងបន្ទាប់ពីគណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះខ្លឹមសារទាំងស្រុងថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាង។

ម្ចាស់គណនីដដែល បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូតរហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនឹង video ទាំងនេះដើម្បីឲ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផងសូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ)»៕

អត្ថបទដែលជាប់ទាក់ទង