លោក ហាក់ សុខមករា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ នៃគណៈកម្មការ រៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ២០២៥ នៅក្រុងតាខ្មៅ
(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ នៃគណៈកម្មការ រៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបផងដែរ។
អនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយមានតួនាទី និងភារកិច្ច សហការជាមួយអាជ្ញាធរ មហាជន សមាគមនានា ដើម្បីរៀបចំសកម្មភាពកីឡានានា សម្រាប់រយៈពេល ៣ថ្ងៃ ដើម្បីបង្កភាពសប្បាយរីករាយក្នុងពិធី ,រៀបចំកម្មវិធីកីឡាសម្រាប់ជូនសាធារណជនលេងកម្សាន្ត ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មី ,រៀបចំទីតាំង និងសម្ភារៈកម្មវិធីល្បែងប្រជាប្រិយ សម្រាប់ជូនសាធារណជនលេងកម្សាន្ត ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ,ចាត់តាំងយុវជន ស.ស.យ.ក. ទទួលរៀបចំ និងដឹកនាំ មហាជន លេងល្បែងប្រជាប្រិយកម្សាន្ត ,ចាត់តាំងយុវជន ស.ស.យ.ក. ទទួលខុសត្រូវគ្រប់គ្រងសម្ភារៈសម្រាប់លេងល្បែងប្រជាប្រិយ ,រៀបចំព្រឹត្តិការណ៍ប្រណាំងកង់យុវជន-រត់ប្រណាំង-បាល់ទាត់ និងប្រភេទកីឡាផ្សេងៗ ,រៀបចំទីតាំង តុបតែង និងសម្ភារៈកម្មវិធីល្បែងប្រជាប្រិយ សម្រាប់ជូនសាធារណជនលេងកម្សាន្ត ទទួលភារកិច្ចផ្សេងៗ តាមការចាត់ចែងរបស់គណៈកម្មការរៀបចំសង្ក្រាន្ត។
សូមជម្រាបជូនថា អនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយបានរៀបចំល្បែងប្រជាប្រិយចំនួន១០ ដើម្បីបង្កឲ្យមានភាពសប្បាយសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តរួមមាន៖ ល្បែងចោលឈូង,ល្បែងបោះអង្គញ.ល្បែងទាញព្រ័ត,ល្បែងឡើងសសខ្លាញ់, ល្បែងលោតបាវ.ល្បែងលាក់កន្សែង, ល្បែងលោតអន្ទាក់ខ្សែរ,ល្បែងដណ្ដើមស្លឹកឈើ,ល្បែងវាយក្អម,ល្បែងគោះអង្រែ៕