នាយករដ្ឋមន្ត្រីកម្ពុជាស្នើសមាគមជប៉ុន-កម្ពុជាជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់សមាគមជប៉ុន-កម្ពុជា ជំរុញការនាំផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន ខណៈផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ ។
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេច និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជានៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣នេះ ។
សម្ដេចតេជោក៏បានលើកទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជាឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ហើយនៅពេលនេះកម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនេះ នឹងផ្ដល់នូវភាពអនុគ្រោះជាច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនេះ លោក តាកាហាស៊ី ក៏បានជម្រាបជូនសម្ដេចតេជោដែរថា សមាគមជប៉ុន-កម្ពុជា កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។
ជាមួយគ្នានេះ សមាគមជប៉ុន-កម្ពុជា ក៏ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើទីផ្សារផងដែរ៕