ក្រុមប៉ូលិសព្រហ្មទណ្ឌឃាត់ខ្លួនមនុស្ស៣នាក់ ករណីលួចលុយខ្ទង់លានដុល្លាររបស់ធនាគារឯកជនមួយ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីលួចប្រើប្រាស់លុយ ដែលជាការផ្ទេរច្រឡំរបស់ធនាគារឯកជនមួយ ក្នុងទំហំទឹកប្រាក់លានដុល្លារ។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។

ប្រភពបន្តថា កាលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥៖១៤នាទី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីតំណាងធនាគារមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុនមានបញ្ហាបច្ចេកទេសធ្វេីឲ្យមានប្រតិបត្តិការវេរប្រាក់ដោយភ័ន្តច្រលំទៅកាន់គណនីឈ្មោះ កន ចិត្រា អាយុ២៣ឆ្នាំ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយមកឈ្មោះ​ កន​ ចិត្រា​ បាន​បន្តផ្ទេរប្រាក់ចេញទៅគណនីផ្សេងៗជាច្រេីនទៀត​។

បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១៖ឈ្មោះ កន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និង២៖ឈ្មោះ យន់ ភាព ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២៖១០នាទី នៅត្រង់ចំណុចសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បានដឹកនាំកម្លាំងជំនាញធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបន្ថែមទៀត ចំនួន២នាក់ ១៖ឈ្មោះ យន់ សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានស្នាក់នៅផ្ទះជួល ភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង២៖ឈ្មោះ យន់ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានផ្ទះជួលលេខ០៩ ភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រហូតដល់វេលាម៉ោង​១៨៖៤០នាទី​ បន្ត​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ជិន ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិអន្លង់អក ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម​។

សំភារៈដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1JZ-1118 , ទូរសព្ទចំនួន០៣គ្រឿងម៉ាក TECNO CK7N ពណ៌ខៀវ , ម៉ាក OPPO A5S ពណ៌ខ្មៅ និងម៉ាកOPPO F11 PRO ពណ៌ស្វាយ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានជនសង្ស័យ និងសម្ភារខាងលើជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី។ សូមជម្រាបថា ហេតុការណ៍នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនមនុស្ស៣នាក់ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស២នាក់៕

អត្ថបទដែលជាប់ទាក់ទង