គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១ ចំណុចកំពង់សឹងបណ្ដាលឲ្យតៃតុងឡានស្លាប់
ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១ ចំណុចកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជនរងគ្រោះជាតៃតុងឡាន ស្លាប់។ បងៗអ្នកសារព័ត៌មានផ្សាយថា មានជនពាលគប់កញ្ចក់ឡានទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។ នេះបើតាមសំណេរលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងលើហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាន។
តាមប្រភពសំណេរខាងលើបន្តថា សមត្ថកិច្ចមូលដ្ឋានរាយការណ៍តាំងពីកើតហេតុភ្លាមៗថា គ្រោះថ្នាក់ដោយឯងៗ យ៉ាងណាក៏ដោយលោកបានចាត់បញ្ជូនជំនាញចុះស្រាវអង្កេតដោយយកចិត្តទុកដាក់ជាទីបំផុតតាំងពីព្រឹកព្រលឹម។
លោកស្នងការបន្ថែមថា ដូចនេះសុំបណ្តាសារព័ត៌មានផ្សាយដោយយកចិត្តទុកដាក់ បើមានភស្តុតាងពិតជាមានការគប់កញ្ចក់រថយន្តមែន សូមបងៗផ្សាយឱ្យបានភ្លូកទឹកភ្លូកដីចុះ ប៉ុន្តែបើមិនទាន់មានភស្តុតាងទេ បងៗផ្សាយចេញបែបនេះគឺប៉ះពាល់ក៏ធ្ងន់ធ្ងរដែរដល់សមត្ថកិច្ចមូលដ្ឋាន៕