អភិបាលខេត្តកណ្ដាលណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តការងារចំពោះមុខសំខាន់ៗចំនួន៣

កណ្ដាល៖ បន្ទាប់ពីទទួលស្វាគមន៍ព្រះអគ្គីជយ័កីឡាបានដង្ហែមកដល់ ភូមិសាស្ត្រស្រុកពញាឭ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យទីតាំងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ ការប្រកួតកីឡាសុីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នៅទូទាំងខេត្ត ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកពញាឭនាថ្ងៃទី២៩ ខែមេសានេះ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងស្រុកមន្ទីរ អង្គភាពនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តការងារចំពោះមុខសំខាន់ ដូចតទៅ៖

*១-ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។

*២-ត្រូវរក្សាសុវត្ថិភាពជូនអ្នកមកចូលរួមមកទស្សនាការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈពេល៦៤ឆ្នាំដែលកម្ពុជារងចាំធ្វើជាម្ចាស់ផ្ទះ។

*៣-ជាពិសេសត្រូវលើកស្ទួយការបង្កើតក្រុមកីឡា ឱ្យបានច្រើនប្រភេទក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដែលជាគ្រឹះសំខាន់ក្នុងការប្រគួតតំណាង ខេត្ត ក្រុង-ស្រុក អាចនិងឈានដល់ការប្រគួតតំណាងឱ្រប្រទេសជាតិ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រលើកទឹកចិត្តអ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបថសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង