មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ គឺដោយសារកម្ពុជាមានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា និងការអភិវឌ្ឍឱ្យបានលឿន
ភ្នំពេញ៖ «មូលហេតុដែលកម្ពុជាទទួលយកការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះគឺដោយសារកម្ពុជា មានតម្រូវការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ជាពិសេសគឺការអភិវឌ្ឍនៅកម្ពុជាឱ្យបានលឿន។សម្ដេចតេជោបានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងឱកាស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាសាច់ឈាមខ្មែរបេះដូងជាខ្មែរ តែងតែមកជួយដល់ខ្មែរគ្នាឯងវិញ»។ ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃចន្ទទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលរៀបចំឡើងនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងមិនយកលុយពីប្រតិភូកីឡាករកីឡាការិនីបរទេសដែលមកចូលរួមប្រកួតនៅកម្ពុជាឡើយ។ នេះគឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជានាពេលខាងមុខ»។
នាឱកាសនោះ សម្តេចតេជោបានបញ្ជាក់ទៀតថា «កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផលក្នុងស្រុកមួយចំនួនទៀត ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជាតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្ដេចបន្តទៀតថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានីមួយៗ ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់ចំណុចនេះឱ្យបានច្បាស់ ពីព្រោះថ្មីៗនេះមានសារព័ត៌មានអន្តរជាតិមួយបានផ្សាយពីការព្រួយបារម្ភក្នុងការដឹកជញ្ជូនកីឡាករចូលរួមប្រកួតខ្លាចមិនទាន់ពេលវេលាជាដើមនោះ។ ដូច្នេះសម្ដេចបញ្ជាក់ថា សម្ដេចធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ ដល់កីឡាករកីឡាការិនីទាំងអស់»។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខម្ហូប«ហាឡាល់» ដែលជាមុខម្ហូបសម្រាប់បងប្អូនឥស្លាម ដែលមកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
ទន្ទឹមគ្នានោះ សម្តេចតេជោបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាវិស័យកីឡាទាំងអស់ កុំសម្រុកចូលទៅមើលការប្រកួតកីឡានានា ដោយមិនមានសំបុត្រ ហើយសូមកុំផ្លោះរបងដើម្បីបានទស្សនា ពីព្រោះធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងបាត់បង់កិត្តិយសជាតិយើង។ពលរដ្ឋកម្ពុជាមានភាពថ្លៃថ្នូរ ដោយនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គឺពុំមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬប្រតិភូណាមួយប្រឈមជួបនឹងបញ្ហាកកស្ទះចរាចរណ៍នោះឡើយ។
សម្តេចបន្តអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ចូលរួមផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេមឱ្យបានផុសផុល ដើម្បីចូលរួមលើកស្ទួយមុខមាត់ជាតិយើង។
ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កីឡាករគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ ជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។សម្តេចតេជោបានអំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងកាសព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយសម្ដេចថ្លែងបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ។សម្តេចតេជោក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដោយហាមដាច់ខាតលើការប្រើប្រាស់សារធាតុដែលត្រូវបានហាមប្រើប្រាស់នៅក្នុងការប្រកួត។ សម្ដេចតេជោក៏បានស្នើដល់កីឡាករគ្រប់រូប ប្រឹងដណ្ដើមយកមេដាយមាស ឱ្យមានចំនួនកើនឡើងច្រើនថែមទៀតសម្រាប់កម្ពុជា។
ក្នុងពិធីសំណេះសំណាលនេះដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករកីឡាការិនីទាំងអស់ សម្ដេចតេជោបានប្រកាសឧបត្ថម្ភដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុង១នាក់ៗ៥០០ ដុល្លារអាមេរិក។ ហើយមុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យប្រតិភូកីឡាករ កីឡាការិនីទាំងអស់ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ជាបន្តបន្ទាប់ទៀត និងជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕