«មូលដ្ឋាននៃការគាំទ្ររបស់ប្រជាពលរដ្ឋគឺជាមូលដ្ឋានមិនចេះរីងស្ងួត…!»

កណ្តាល៖ «មូលដ្ឋាននៃការគាំទ្ររបស់ប្រជាពលរដ្ឋគឺជាមូលដ្ឋានមិនចេះរីងស្ងួត មានប្រជាពលរដ្ឋ មាននយោបាយ មានប្រជាពលរដ្ឋ មានការដឹកនាំ មានប្រជាពលរដ្ឋ មានការអភិវឌ្ឍ មានប្រជាពលរដ្ឋគាំទ្រគឺ មានអ្វីៗរីកចំរើនតាមនោះ»។ នេះជាការថ្លែងបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងគណៈអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ដែលលោក ចាន់ តារា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បាន «ណែនាំឲ្យគណៈអភិបាលក្រុងអរិយក្សត្រត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ចំពោះថ្នាក់លើ ត្រូវធ្វើជាគំរូ ត្រូវមានភាពស្មោះត្រង់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ត្រូវខិតខំបម្រើប្រជាជនឲ្យបានកៀកកិត និងឲ្យបានល្អប្រសើរបំផុត»។

ឯកឧត្តមបានណែនាំដល់អស់លោក លោកស្រីត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។

ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់ថា «ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្តបានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំង អស់លោក លោកស្រី ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដឹកនាំឲ្យក្រុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត និងជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ»។

ឯកឧត្ដមបានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនៃក្រុងអរិយក្សត្រត្រូវខិតខំរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅធ្វើឲ្យក្រុងអរិយក្សត្រអាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។

ទន្ទឹមគ្នានោះ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានជំរុញឲ្យគណៈអភិបាលនៃគណៈក្រុងអរិយក្សត្រត្រូវអនុវត្តន៍ឲ្យបាននូវការប្ដេជ្ញាចិត្តរបស់ខ្លួន។

ក្នុងពិធីប្រកាសតែងតាំងនោះ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្ររួមជាមួយលោក ចាន់ តារា អភិបាលក្រុងបានឡើងធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

*ទី១-យើងខ្ញុំជាក្រុមប្រឹក្សានិងគណៈអភិបាលក្រុងសូមគោរពនិងប្រតិបត្តិដោយភក្ដីភាពបំផុតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ *ប្តេជ្ញាគោរពនូវរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននានាដើម្បីធានាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ និងប្តេជ្ញាថែរក្សាសន្តិភាពទោះនៅក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាត ឱ្យកម្លាំងអមិត្តណាមួយធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ។ *ប្តេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ អាណត្តិទី៦ និងយុទ្ធសាស្ត ចតុកោណ ដំណាក់កាលទី៤ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តសេចក្តីសម្រេច នានាប្រកបដោយអភិបាលកិច្ចល្អ។

*ទី២-ខិតខំពង្រឹងរដ្ឋបាលឯកភាព ដើម្បីឲ្យរដ្ឋបាលនេះ អាចម្ចាស់ការក្នុងការគ្រប់គ្រង ការចាត់ចែងមុខងារ និងធនធាន ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និងមានសមត្ថភាព ក្នុងកិច្ចការ សម្របសម្រួល ប្រកបដោយប្រសិទ្ធភាពលើសកម្មភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
*រក្សាខ្ជាប់នូវតម្លាភាព និងគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ស្ថិត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

*ទី៣-ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការនិងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្របទៅតាមខ្លឹមសារ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងអនុក្រឹត្យលេខ ២១៦ អនុក្រម ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សា គណៈ អភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌព្រមទាំងការណែនាំនានា របស់ក្រសួងមហាផ្ទៃ ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការគ្រប់គ្រងការចាត់ចែង មុខងារបុគ្គលិក ទ្រព្យសម្បត្តិ និងធនធានហិរញ្ញវត្ថុឲ្យបានកាន់តែមានប្រសិទ្ធភាពចំទិសដៅ និងឆ្លើយតបទាន់ពេលវេលា នូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជាពិសេស ជំរុញផ្តល់នូវសេវាសាធារណៈ តាមការិយាល័យច្រកចេញចូលតែមួយឲ្យបានកាន់តែប្រសើរឡើង។

*ទី៤-ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង និងមន្ត្រី បុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សាតាមបណ្តាប្រភេទ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែក ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរឹងមាំខ្លាំងក្លា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៕ ដោយ៖ ការីនិពន្ធ

 

អត្ថបទដែលជាប់ទាក់ទង