ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំខ្លួនឈ្មោះ ដេវីដ ឆាណាយវ៉ា
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុបានសម្រេចឃុំខ្លួន ឈ្មោះ ដេវីដ ឆាណាយវ៉ា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន០២បទល្មើស៖ ទី១-បទឧក្រិដ្ឋជាអាទិ៍ និងទី២-បទបរិហាកេរ្តិ៍ជាសាធារណៈ។
ការសម្រេចឃុំខ្លួននេះ ត្រូវបានធ្វើឡើងដោយ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយឃុំខ្លួនឈ្មោះ ដេវីដ ឆាណាយវ៉ា នៅពន្ធនាគារខេត្តព្រះសីហនុ។
នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន ចុះថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ដោយចៅក្រមស៊េីបសួរ បង្គាប់០៣ចំណុចគឺ
១-បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ ៥១ឆ្នាំ ដែលកើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២ ជនជាតិខ្មែរ ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
២-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះនិងឃុំខ្លួនជន៍នេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្ត ឱ្យបានល្អនៅក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា ឈ្មោះ ដេវិដ ឆាណាយវ៉ា ជាជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈប្រព្រឹត្តនៅចំណុចភូមិចំណោតរាម ឃុំចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពី អំឡុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ មាត្រា៤៨៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ៕