«ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ…!»
បាត់ដំបង៖ «ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍន៍រីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត»។ នេះជាការថ្លែងបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងសម្ដេចក្រឡាហោម ស ខេង នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្មគោល ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យក្រុងបាត់ដំបងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោមក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកថ្មគោល ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយបានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់ផងដែរ។
សម្ដច ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោលគ្រប់ថ្នាក់ ដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងទាំងធនធាន និងស្មារតី ធ្វើឱ្យរដ្ឋបាលស្រុកថ្មគោល និងឃុំ សង្កាត់ ទូទាំងស្រុក កាន់តែមានលទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ពិសេសការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល ៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកថ្មគោលផងដែរ៕