នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងតំណែងប្រធានសហព័ន្ធបាល់ទាត់កម្ពុជា
ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួននាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាក់ទាត់កម្ពុជា ចាប់ពីយប់នេះ ក្រោយក្រុម U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល ២-០ ក្នុងវគ្គចែកពូលសន្សំពិន្ទុ ពូល A។
យោងតាមរយៈការបង្ហោះលើ Facebook នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីដំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ សុក្រ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខ្ញុំសូមប្រគល់ជូនលោកអនុប្រធានឯកឧត្តម ខៀវ សាម៉េត អនុប្រធានសបក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។
ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំអោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោស ដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយៈការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិស.ប.ក មន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច។ ដោយក្តីគោរពពីខ្ញុំបាទ ឧសៅ. សុខា។
សូមជម្រាបថា ក្រុមជម្រើសជាតិ U22កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ២-០ ក្នុងការដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្រុមកម្ពុជា នៅតែមានត្រឹម ៤ពិន្ទុ ហើយក្រុមមីយ៉ាន់ម៉ា រកបាន ៦ពិន្ទុបណ្តោះអាសន្ន។
តាមរយៈលទ្ធផលនេះ ក្រុមម្ចាស់ផ្ទះស៊ីហ្គេម២០២៣ ជម្រើសជាតិ U22 កម្ពុជា ធ្លាក់មកឈរលេខរៀងទី៣ ក្នុងតារាងពូល A ដ្បិតនៅសល់ឱកាសតែ ១ប្រកួតចុងក្រោយជាមួយក្រុមកំពូលតារាងឥណ្ឌូនេស៊ី បានកក់កៅអីជាសម្រេច ដែលជាជំនួបកាត់សេចក្តីឡើងវគ្គ ១/២ វិញ្ញាសាបាល់ទាត់បុរស។
មីយ៉ាន់ម៉ា ប្រកួតបន្ទាប់ត្រូវជួបហ្វីលីពីន នៃប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ ក្នុងឱកាសប្រជែងពិន្ទុដ៏សំខាន់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕