ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ និងជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្ស
ព្រះសីហនុ៖ «ការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្ស ដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចំបាច់បំផុត សម្រាប់ប្រទេសជាតិនីមួយៗ»។នេះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៥២៥អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បន្ទាប់ពីការយកចិត្តទុកដាក់រៀនសូត្រ និងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកថា ពិតណាស់ការជោគជ័យមួយនេះ មិនអាចកាត់ផ្តាច់បានទ្បើយពីការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាង ពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ក៏ដូចជា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ក្នុងនាមជាកម្លាំងសរុបវិញចូលគ្នាជាធ្លុងមួយ ដែលជួយជំរុញឲ្យទទួលបាននូវសមិទ្ធផលធនធានមនុស្សទាំងអស់នេះ។
ឯកឧត្តមបណ្ឌិតសូមកោតសរសើរដល់សាកលវិទ្យាល័យ UME ដែលបានវិនិយោគលើវិស័យអប់រំក្នុងរយៈកាល២៥ឆ្នាំកន្លងមកនេះ ដោយបានអភិវឌ្ឍន៍ខ្លួនឈានឡើងជាបន្តបន្ទាប់ រហូតមានវត្តមាននៅក្នុងខេត្តចំនួន៦ នៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកមិនអាចខ្វះបាន ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ស្របពេលជាមួយគ្នានេះ កម្ពុជាកំពុងដំណើរការដោយរលូន នៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា គឺជាមោទនភាពដ៏វិសេសវិសាលបំផុត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព២សំខាន់ៗ៖ ទី១-គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួតប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍ និងទី២-គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជា នៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឲ្យកត់សម្គាល់។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផល នៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ដូចគ្នានេះ គឺវិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរ ចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយទី១៖ ត្រូវពិនិត្យមើលលើកត្តាសន្តិភាព-ស្ថិរភាព និង ទី២៖ កម្រិតសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលត្រូវមានជំនាញបម្រើឲ្យដំណើរការផលិតកម្មក្នុងគម្រោងវិនិយោគរបស់ពួកគេ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា ក្នុងន័យនេះ សូមសិស្ស-និស្សិតកម្ពុជាគ្រប់រូប ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឲ្យមានគុណវុឌ្ឍិពិតប្រាកដច្បាស់លាស់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើង ក្នុងចរន្តសាកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឲ្យការកសាងអភិវឌ្ឍន៍ប្រទេសទៅមុខ៕