«សម្តេចតេជោកំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបានការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ»

កំពង់ធំ៖ «តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះសម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ»។ នេះជាការលើកឡើងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាពិសេសការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោក។

ជាមួយគ្នានេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ក៏បានលើកឡើងថាសម្តេចតេជោតែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រនេះ។

ទន្ទឹមនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង ២សតវត្សរ៍នេះ ដែលកើតឡើងនៅក្រោមវប្បធម៌នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី និងសាសនា ដែលបុព្វបុរសយើងបន្សល់ទុកឱ្យ។

ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ឯកឧត្ដមនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យចូលរួមថែរក្សាឱ្យបាននូវ សុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋនេះ៕

អត្ថបទដែលជាប់ទាក់ទង