ម្ចាស់បំណុលអំពាវនាវឲ្យលោក ឡាញ់ រ៉េត ចូលខ្លួនដោះស្រាយបំណុលជាបន្ទាន់..!

កណ្តាល៖ លោក ស៊ុន សុវណ្ណ ជាម្ចាស់បំណុល មានអាសយដ្ឋាននៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលបានអំពាវនាវឲ្យលោក ឡាញ់ រ៉េត អាយុ៦៣ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩០០៣៩៣ ចុះថ្ងៃទី១៨ ខែ០៩ ឆ្នាំ២០១៤ មានអាសយដ្ឋានផ្ទះលេខ១៤៦អាអឺ០អ១ ផ្លូវ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជាកូនបំណុលដែលបានមូលប្បទានប័ត្រធនាគារ អេស៊ីលីដា (ACLIDA BANK) ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវប្រញាប់មកដោះស្រាយបំណុលដែលនៅជាប់ជំពាក់លោកចំនួន៥៣៩៧៤ដុល្លារជាបន្ទាន់ បើពុំដូច្នោះទេ លោកនឹងចាត់ការតាមនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាហើយ។ នេះបើតាមលោក ស៊ុន សុវណ្ណ ម្ចាស់បំណុលដែលបានប្រាប់បណ្ដាញសារព័ត៌មាន The Mirror News ឲ្យដឹងកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

លោក ស៊ុន សុវណ្ណ បានបន្តថា លោក ឡាញ់ រ៉េត បានស្នើសុំទិញប្រេងម៉ាស៊ូតពីលោកចំនួន៥០០០០លីត្រ ដែលមានទឹកប្រាក់សរុបចំនួន៥៣៩៧៤ដុល្លារសម្រាប់ផ្គត់ផ្គង់គ្រឿងចក្រធ្វើអាជីវកម្មកាយដីនៅចំណុចការដ្ឋានព្រលានយន្តហោះថ្មី ដោយបានដំកល់មូលប្បទានប័ត្រធនាគារ អេស៊ីលីដា (ACLIDA BANK) ហៅកាត់ថា (CHECK) ដែលមានទឹកប្រាក់ចំនួន៥៣៩៧៤ដុល្លារ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាទ្រព្យធានាបំណុល។

ម្ចាស់បំណុល លោក ស៊ុន សុវណ្ណ បានបន្តទៀតថា អស់រយៈពេលជាច្រើនថ្ងៃ ច្រើនខែមកហើយ ដែលលោកបានព្យាយាមទំនាក់ទៅកាន់លោក ឡាញ់ រ៉េត ដើម្បីស្នើសុំទូទាត់បំណុល។លោកបន្តថា ប៉ុន្តែផ្ទុយទៅវិញលោក ឡាញ់ រ៉េត បានព្យាយាមគេចវេះ និងបានព្យាយាមឆ្លើយដោះសារដោយម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ ហើយសែកដែលលោក ឡាញ់ រ៉េត បានចេញឲ្យ ក៏គ្មានលុយដែរ គឺសែកអត់លុយ-សែកស្អុយ និងក្រោយមកធ្វើការទំនាក់ទំនងលែងបានតែម្ដង រហូតមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ទើបលោកបានយកសែកចេញដោយឈ្មោះ ឡាញ់ រ៉េត ខាងលើទៅកាន់ធនាគារអេស៊ីលីដាដើម្បីឲ្យបុគ្គលិកខាងធនាគារអេស៊ីលីដាជួយពិនិត្យនិងស្នើសុំដកលុយ ប៉ុន្តែបុគ្គលិកខាងធនាគារអេស៊ីលីដាបានបញ្ជាក់មូលប្បទានប័ត្រធនាគារ អេស៊ីលីដា (ACLIDA BANK) ហៅកាត់ថា (CHECK) ដែលមានទឹកប្រាក់ចំនួន៥៣៩៧៤ដុល្លារ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ពុំមានទឹកប្រាក់ទេ។

លោក ស៊ុន សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា លោកមានកិច្ចសន្យាសងប្រាក់ និងដំកល់សែកត្រឹមត្រូវដែលមានការចុះហត្ថលេខានិងបោះត្រាដោយមេឃុំអន្លង់រមៀត ឈ្មោះ ឡាយ គឹមលាង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ទៀតផង៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង