កីឡាការិនី ប៊ួ សំណាង បានទទួលថវិកាឧបត្ថម្ភចំនួន២៥៥០ដុល្លារពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី និងដៃគូរសហការក្នុងខេស៊ីគ្រុបហើយ
ភ្នំពេញ៖ អត្តពលកម្មកម្ពុជាម្នាក់ក្នុងសំលៀកបំពាក់កីឡា អាវយឺតដៃវាល និងខោពាក់កណ្តាលភៅ្លដែលបានបង្ហាញក្តីរីករាយទាំងទឹកភ្នែក ក្រោមដំណក់ទឹកភ្លៀងក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ក្រោយមកដល់ទីព្រ័ត្រដោយជោគជ័យទោះមិនឈ្នះមេដាយក៏ដោយ កីឡាការិនី ប៊ួ សំណាង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលថវិកាឧបត្ថម្ភចំនួន២៥៥០ដុល្លារពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី និងដៃគូរសហការក្នុង ខេស៊ីគ្រុប (KC GROUP)ហើយ។
នាឱកាសនោះ លោក ឃិត ឈឿន បានថ្លែងថា កីឡារស់ក្រោមសន្តិភាព ហើយកីឡាក៏នាំមកនូវមិត្តភាព និងសាមគ្គីភាព។ លោកបន្តថា កីឡាមិនមែនរឿងធម្មតានោះទេ ទម្រាំបានជ្រើសរើសជាជំរើសជាតិ កីឡាករខ្លះបានព្យាយាមប្រឹងប្រែងហ្វឹកហាត់តាំងពីអាយុ៦-៧ឆ្នាំមកម្ល៉េះ បើទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏គាត់នៅតែព្យាយាមប្រឹងប្រែងហ្វឹកហាត់ និងមានស្មារតីស្រឡាញ់ខ្លាំងក្លាបំផុត។
លោកអគ្គនាយកបានបន្តទៀតថា ក្នុងនាមជាប្រជាពលរដ្ឋ លោកពិតជាសូមថ្លែងអំណរគុណខ្លាំងណាស់ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាដើម្បីធ្វើការហ្វឹកហាត់កីឡា ហើយលោកពិតជាចង់ចូលរួមជាមួយពួកគាត់ខ្លាំងណាស់។ លោកបន្តថា កីឡាមិនអាចកាត់ផ្ដាច់ចេញពីវិស័យឯកជនបានទេ លោកក៏បានសំនូមពរដល់វិស័យឯកជនជួយគាំទ្រឲ្យបានច្រើនលើវិស័យកីឡា ព្រោះកីឡាបានមកនូវកិត្តិយសជាតិយើង។
លោក ឃិត ឈឿន បានបញ្ជាក់ថា ការគាំទ្រដល់វិស័យកីឡា រឿងចាញ់ឬឈ្នះគឺជារឿងមួយ ព្រោះកីឡាករប្រកួតពិតជាចង់បានឈ្នះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺថា ការមិនបោះបង់ចោល ការតស៊ូគឺជាស្មារតីមួយដែលកីឡាករត្រូវទៅឲ្យដល់គោលដៅ ការតស៊ូរហូតបានបញ្ចប់កាតព្វកិច្ចរបស់ខ្លួនគឺពិតជារឿងសំខាន់ កីឡាករប្រកួតដោយមិត្តភាព កីឡាករប្រកួតដោយកិត្តិយស កីឡាករប្រកួតដោយមានគុណធម៌។
លោក ឃិត ឈឿន បានបន្ថែមទៀតថា កីឡាដើម្បីសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកីឡាដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
គួររំលឹកថា កីឡាការិនី ប៊ួ សំណាង មិនត្រឹមតែបានធ្វើឲ្យមហាជនអ្នកគាំទ្រនោះទេ សូម្បីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនបានចុះផ្សាយនិងចែកចាយរូបវីដេអូរបស់នាងបាន ខិតខំរត់ទាំងកណ្តាលភ្លៀងធ្លាក់មិនព្រម បោះបង់ចោលការ ប្រកួតទោះជាអត្តព លកម្មផ្សេង ទៀតរត់ទៅមុន និងទទួលជ័យជម្នះក្តី និងខ្លះទៀត បានបោះបង់កណ្តាលទីក៏ដោយ។
គួរជម្រាបជូនថា សប្បុរសជនមានរាយនាមដូចខាងក្រោម៖
*ទី១-លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី ចំនួន៥០០ដុល្លារ
*ទី២-អ្នកស្រី ឃិត យាន អគ្គនាយិកាក្រុមហ៊ុន យានមង្គល ឯ.ក ចំនួន៥០០ដុល្លារ
*ទី៣-លោក អ៊ុង យុត្តិវង្ស អគ្គនាយកក្រុមហ៊ុន សែនសូហ្វ៍(Sanzoft), The Queens KTV ចំនួន២០០ដុល្លារ
*ទី៤-លោក តឹក ហី Better Cash Finance ចំនួន៥០០ដុល្លារ
*ទី៥-Mr. Gohil Sunil K.C Pharmacyចំនួន៣០០ដុល្លារ
*ទី៦-លោក កែវ វិសាល ប្រធានក្រុមហ៊ុន VIP AGRO Thech Co.,LDT ចំនួន១៥០ដុល្លារ
*ទី៧-លោក ហាម សំអុល នាយកសាលាគ្រីសស្តង់និង VMOV CLUB
*ទី៨-លោក ហេង ឆវន ម្ចាស់មរតកបសេដ្ឋរីសត ចំនួន២០០ដុល្លារ
*ទី៩-កសិដ្ឋានចិញ្ចឹមគោចំនួន១០០ដុល្លារ៕