ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា

កំពង់ឆ្នាំង៖ ទូលព្រះបង្គំជាខ្ញុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ដ្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០យាងចូល ៧១ព្រះវស្សារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំយើងខ្ញុំ មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា ថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងចម្រើនព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ ថ្វាយនូវព្រះរាជ កតញ្ញុ កតវេទិតាធម៌ និងព្រះវិសុទ្ធគុណដ៏ធំធេងក្រៃលែង ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្តេចទ្រង់តែងតែយាងបំពេញព្រះរាជសកម្មភាពជាប្រវត្តិសាស្ត្រ ក្នុងពុទ្ធចក្រ និងអាណាចក្រ ដង្ហែតាមព្រះរាជគន្លងគំរូវីរភាពនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

លើសពីនេះទៅទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់តែងតែយាងបំពេញព្រះរាជបូជនីយកិច្ច ពង្រឹងសុខសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិទូលំទូលាយ ធ្វើឱ្យកិត្យានុភាពមាតុភូមិកម្ពុជាកាន់តែល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។

នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមជួយអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គព្រះរាជប្រកប ដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង