សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលទទួលបានអំណោយពីសប្បុរសជននានាក្នុងឱកាសខួបលើកទី១៦០
កណ្ដាល៖ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលអំណោយមនុស្សធម៌ជាមួយថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនពីសប្បុរសជននានា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាគដល់ជនក្រីក្រ ជនងាយរងគ្រោះ តាមរយ:សាខាកាកបាទក្រហម ។
ឯកឧត្តមបានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសទាំងនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលដោយម៉ត់ចត់បំផុត មានតួលេខចំណូលចំណាយត្រឹមត្រូវ ចាយវាយតាមប្រព័ន្ធធនាគារ គ្មានការកិបកេងសូម្បីមួយកាក់មួយសេន ពោលគឺច្បាស់លាស់ណាស់លើកិច្ចការនេះ ខណ:ដែលមួយឆ្នាំៗសាខាកាកបាទទទួលបានជំនួយចន្លោះពី៤០ម៉ឺនដុល្លា ទៅ៥០ម៉ឺនដុល្លាសហរដ្ឋអាមរិក។
សប្បុរសជនដែលចូលរួមឧបត្ថម្ភក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឍ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ថ្ងៃនេះជាពិធីពីសេសមួយ ដែលលោកស្រីឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវ លោកជំទាវរបស់ឯកឧត្ដម ចាន់ សារុណ បានឧបត្ថម្ភ អង្ករចំនួន៥តោន។
ពិសេសក៏នៅមានឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោកប្រធានអង្គភាពផ្សេងៗជាច្រើនរូបទៀត បានចូលរួមជាសម្ភារ: និងថវិកា សរុបប្រាក់រៀលចំនួនពីរលានសែសិបមុឺនរៀល និងប្រាក់ដូល្លាចំនួន២០៤០$។៕ដោយ៖ ការីនិពន្ធ