Breaking News: ករណីបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅលើម៉ូតូកង់បីត្រូវបានបេឡាជាតិសន្តិសុខសង្គមចេញសេចក្តីបំភ្លឺហើយ

ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គមលើគណនីហ្វេសបុកមួយចំនួន ដែលបានសរសេរបង្ហោះមិនបានត្រឹមត្រូវ និងមានអត្ថន័យប្រហាក់ប្រហែលគ្នាថា «ពុទ្ធោ..អ៊ុំ សួរថា កំហុសអ្នកណា បើកហើយ សូម្បីតែពេទ្យក៏ដាច់ចិត្តអោយមកវិញ គាត់មានជំងឺហឺតនិង បេះដូងរីក គាត់មានប័ណ្ណ បសស ដែរប៉ុន្តែគេថាផុតសុពលភាព ក៏សុខចិត្តត្រឡប់មកវិញ ហើយក៏ស្លាប់ យ៉ាងកំសត់លើតុកៗសង្វេគណាស់ពុកគេពុកយើង ព្រោះតម្លៃជីវីតមនុស្សវាមិនស្មើកាតមួយសន្លឹក និងការ ចេញផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ ច្រឡំថា ជនរងគ្រោះ ឈ្មោះ មៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័មនៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. »។ តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះនិងភាគីពាក់ព័ន្ធបង្ហាញឱ្យឃើញថា ជនរងគ្រោះបានប្រើប្រាស់នោះ មិនមែនជាប័ណ្ណ «ប.ស.ស.» ទេ។ នេះបើតាមសេចក្តីបំភ្លឺរបស់បេឡាជាតិសន្តិសុខសង្គមដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីបំភ្លឺបានបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះបញ្ហានេះ កុំឱ្យសាធារណជនបន្តការភាន់ច្រឡំតទៅទៀត បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖

១-ប្រភេទប័ណ្ណពណ៌ស្វាយ ដែលជនរងគ្រោះកាន់គឺជាប័ណ្ណមូលនិធិសមធម៌សុខាភិបាល ពុំមែនជាប័ណ្ណសមាជិក ប.ស.ស. ទេ។ ចំពោះការបែងចែករវាងប្រភេទប័ណ្ណសមាជិក ប.ស.ស. និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល សូមពិនិត្យរូបភាពខាងក្រោមខ្លឹមសារនៃសេចក្ដីបំភ្លឺនេះ។

២-ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ មានតួនាទីជាសមាជិកភូមិ១៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តួនាទីជាសមាជិក ភូមិរបស់ជនរងគ្រោះ គឺជាកម្មវត្ថុនៃការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។

ទន្ទឹមនឹងនេះ បេឡាជាតិសន្តិសុខសង្គម ក៏សូមចូលរួមសោកស្តាយជាមួយគ្រួសារនៃសពចំពោះការបាត់បង់លោក ម៉ៅ ហេង ផងដែរ។ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាង មុតមាំថា សាធារណជននឹងបានជ្រាបកាន់តែច្បាស់អំពីខ្លឹមសារនៃសេចក្តីបំភ្លឺនេះ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង