ក្មេងទំនើងប្រដាប់ដោយដាវ ដែកទីប និងដុំថ្មបានគប់លើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់នៅខណ្ឌមានជ័យ


ភ្នំពេញ៖ ក្រុមក្មេងទំនើងប្រមាណជា២០នាក់ប្រមូលម្ដុំគ្នាឈរចាំតាមច្រកដឿងហែមបានធ្វើសកម្មភាពគប់ដុំថ្មប្រសាចពេញថ្នល់បណ្ដាលឲ្យចំក្បាលយុវជន៣នាក់កំពុងជិះម៉ូតូ NEX ឌុបគ្នា ដួលអូសជាច្រើនម៉ែត្រដោយម្នាក់រងរបួសធ្ងន់ធ្ងរ ម្នាក់របួសស្រាល និងម្ចាស់ម៉ូតូរបួសស្រាលបានរត់ចូលក្នុងភូមិហៅគេឲ្យជួយ។

ប្រភពព័ត៌មានបានបន្តថា ក្រោយឃើញហេតុការណ៍ខាងលើអ្នកភូមិបានជួយរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌមានជ័យចេញជួយអន្តរាគមន៍នៅចំណុចជាប់ស្ថានីយ៍ប្រេងកាល់តិច ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាធានីភ្នំពេញ កាលពីវេលាម៉ោង ០១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៣នេះ។ក្នុងពេលចុះត្រួតពិនិត្យពិនិត្យសមត្ថកិច្ចបានរកឃើញដាវ០១ដើម, កាំបិតប៉័ងតោ០១, ដែកទីប០១ដើម។

ប្រភពបន្តថា ចំណែកអ្នករងរបួសស្រាល បានលើកម៉ូតូដឹកអ្នករបួសធ្ងន់យកទៅមន្ទីរពេទ្យ ខណៈយុវជនម្នាក់ជាម្ចាស់ម៉ូតូ ត្រូវបានអ្នកភូមិហៅកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះមកសួរនាំ និងហៅក្រុមគ្រួសារមកនាំទៅមន្ទីរពេទ្យ រីឯវត្ថុតាងកម្លាំងសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវតាមក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង