អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបងត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់។

បើតាមរបាយការណ៍លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់បានឱ្យដឹងថា អគារស្នាក់ការអនុសាខានេះមានទីតាំងនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានទំហំអគារ ១២ម៉ែត្រ X១៤ ម៉ែត្រ ដំបូលប្រកក្បឿងសេរ៉ាមិច មានបន្ទប់ធ្វើការ១ សាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារ និងសម្ភារ១ បន្ទប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់៨៥,៥៣០ដុល្លារ។ អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មីនេះ ជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត និង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អនុប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។

លើសពីនេះទៀត យោងតាមចំណាក្នុងក្រាំងមាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ គណៈកិត្តិយសសាខាដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត គណៈកម្មាធិការសាខាខេត្តដែលមានឯកឧត្តម សុខ លូ ជាប្រធាន អនុសាខាស្រុក ព្រមទាំងសមាជិកទាំងអស់ ជាពិសេសសប្បុរសជននានា ដែលបានចំណាយធនធាន កម្លាំងកាយចិត្ត និងលះបង់ពេលវេលាសាងសង់សមិទ្ធផលថ្មី ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឱ្យជួយជាចាំបាច់។

បន្ថែមលើនេះដែរ អគារទីស្នាក់ការអនុសាខាស្រុកនាពេលនេះគឺបានដើរតួនាទីយ៉ាងសំខាន់ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឱ្យបានទាន់ពេលវេលាយ៉ាងសកម្មផុលផុសក្នុងប្រតិបត្តិការសកម្មភាពមនុស្សធម៌ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះ សម្តេចក្រឡាហោម បានថ្លែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការសាខាខេត្ត អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានខិតខំ បំពេញការងារមនុស្សធម៌ ប្រកបដោយមនសិការខ្ពស់ ក្នុងកិច្ចការចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់វប្បធម៌ចែករំលែក សេដ្ឋកិច្ច និងធនធានមនុស្សប្រកបដោយការទទួលខុសត្រូវ ហើយសូមចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង