បនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ កាសា (CASA) នៅខណ្ឌដូនពេញចាប់ផ្ដើមលួចបើកដំណើរការវិញហើយ
ភ្នំពេញ៖ បនល្បែងស៊ីសងដុះស្លែមួយកន្លែងដែលគេនាំគ្នានិយមលេងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ កាសា (CASA) ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ផ្តើមបើកដំណើរការវិញហើយ ក្រោយពីអាជ្ញាធរខណ្ឌដូនពេញចុះធ្វើការបង្ក្រាប
បិទបានតែមួយរយៈខ្លី។ បើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានទើបទទួលបាននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្ដែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងខាងលើ ដោយហាមមិនឲ្យមានបង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗ ដែលខុសច្បាប់ ការជួញដូរមនុស្សនិងសារធាតុញៀនជាដើម។ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពព័ត៌មានបានបន្តថា ស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងខាងលើនេះ ចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្នកលេងល្បែងឡើងវិញដែលទង្វើនេះបានកំពុងតែផ្គើននិងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌដូនពេញ ឬអាចនិយាយថា បនល្បែងខាងលើមានខ្សែធំជាង អភិបាលខណ្ឌដូនពេញទៅទៀត ទើបហ៊ានយ៉ាងនេះ។
ប្រភពបន្ថែមថា ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។
ប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់រាប់ម៉ឺនលានរៀលក្នុងមួយថ្ងៃៗ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរជម្រាបជូនថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែខាងលើនេះផង៕
ដោយ៖ ការីនិពន្ ធ