ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី កាលពីម្សិលមិញនេះ បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀត ជុំវិញករណីបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។

បើតាមប្រភពថា លោក ថេង សាវឿន, លោក ថាន់ ហាច និងលោក ញ៉ិល ភាព ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន​រយៈពេល៦ខែ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ អ្នកទាំង៣ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរីស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាពខុសច្បាប់ នៅក្រុងបានលុង ខេត្តរតនគិរី។

បើតាមសមត្ថកិច្ចបានអះអាងថា សកម្មភាពរបស់ជនទាំងនេះ មានគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់​កសិករឲ្យងើប​បះ​បោរ​បង្ក​ចលាចលសង្គម និងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តម ខៀវ សុភ័គ បានថ្លែងឲ្យដឹងថា ករណីបំផុសរឿង «បដិវត្តន៍កសិករ» ខាងលើនេះ ខាងកម្លាំងសមត្ថកិច្ចមានភស្តុតាងជាច្រើនទៀត ពាក់ព័ន្ធករណីប៉ុនប៉ងផ្តួលរំលំនេះ ហើយក៏មានក្រុមហ៊ុនកសិកម្មមួយចំនួននៅក្នុងស្រុកជាប់ពាក់ព័ន្ធផងដែរ តែមិនទាន់ត្រូវបានតុលាការបញ្ចេញឈ្មោះឲ្យដឹង។ឯកឧត្តមបន្ថែមថា ករណីខាងលើនេះជនសង្ស័យទាំង៣នាក់ ក៏បានសារភាពអំពីផែនការទាំងនេះដែរ ដូច្នេះសរបញ្ជាក់ថា ផែនការបំផុសរឿងបដិវត្តន៍កសិករ ពិតជាមានមែន៕

 

អត្ថបទដែលជាប់ទាក់ទង