ឯកឧត្តម ឯម ច័ន្ទមករា ជូនពរសម្ដេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៩ឆ្នាំឈានចូល ៩០ឆ្នាំ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានផ្ញើសារជូនពរប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេច ៨៩ឆ្នាំឈានចូល ៩០ឆ្នាំ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឯម ច័ន្ទមករា យល់ថា សម្ដេចពញាចក្រី ហេង សំរិន ជាមេដឹកនាំកម្ពុជាដ៏សំខាន់មួយរូបដែលគួរគោរពដឹងគុណ ដោយសារការលះបង់របស់សម្ដេចក្នុងការដឹកនាំរំដោះប្រទេសពីរបបខ្មែរក្រហម និងបន្តចូលរួមដឹកនាំប្រទេសពីបាតដៃទទេរហូតទទួលបានការរីកចម្រើនដូចសព្វថ្ងៃ។

ឯកឧត្តមបានបន្ថែមថា សម្ដេចពញាចក្រី ហេង សំរិន តែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភា សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតិយ្យសេរីពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង។

ឯកឧត្តម ឯម ច័ន្ទមករា បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីសូមជួយប្រោះព្រំសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរឱ្យដឹងដែរថា ប្រធានសភាជាតិកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សម្ដេចបានកាន់តំណែងជាប្រធានរដ្ឋសភាតាំងពីឆ្នាំ២០០៦ ដល់សព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង