ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យដួល ត្រូវកុងតឺន័រកិនអូសស្លាប់
ភ្នំពេញ៖ ម៉ូតូ០២គ្រឿងបានបុកគ្នា បណ្ដាលឲ្យដួលទៅផ្លូវ ស្រាប់តែមានរថយន្តកុងទីន័របុកអូសប្រមាណ៣០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខបុរីសែនមនោរម្យ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅមុននេះ។
ប្រភពព័ត៌មានបានបន្តថា ជនរងគ្រោះឈ្មោះ ប៉ែន ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណេីតនៅខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានបន្ថែមថា មុនពេលកេីតហេតុ គេបានឃេីញជនរងគ្រោះជិះម៉ូតូ Scopy ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JZ- 8580 ចេញពីធ្វេីការរោងចក្រ ហេីយបានជិះឆ្លងផ្លូវទៅទិសខាងលិចក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Scopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញJM -6992 បេីកបរដោយយុវជនម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត បណ្តាលឱ្យដួលទៅលើថ្នល់ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន L M H ពាក់ស្លាកលេខភ្នំពេញ3B-4090 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចជ្រុលទៅកិនអូសប្រហែល៣០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូ Scopy ពណ៌ខ្មៅស្លាប់យ៉ាងអាណោចអាធ័ម ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។ បន្ទាប់មកតៃកុងរថយន្តកុងតឺន័របានចុះពីលេីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ និងបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែករថយន្តរួមទាំងម៉ូតូត្រូវបានប្រគល់ទៅឱ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕