ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលស្គាល់ថានៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង

ភ្នំពេញ៖ បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការបង្ហោះយ៉ាងព្រោងព្រាតនិងបានរិះគន់យ៉ាងចាស់ដៃដល់ក្រុមមន្ត្រីចរាចរណ៍ផ្លូវគោកឈរតាមគោលដៅដែលមានមន្ត្រីជាប់កិច្ចសន្យាបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ដើម្បីឃាត់យានយន្ត ពេលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺព័ត៌មានហើយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺទាក់ទងទៅនឹងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិកមន្ត្រីជាប់កិច្ចសន្យា ជាពិសេសគឺខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លេីករណីដែលបុគ្គលរូបនេះបានអនុវត្តខុស មិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឍរជេីង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វេីការ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា ជាក់ស្តែងទាំងមន្ត្រី ទាំងមន្ត្រីជាប់កិច្ចសន្យា តែងតែត្រូវបានណែនាំជាប្រចាំ ឲ្យប្រេីប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ គោរពវិជ្ជាជីវ: ក្រមសីលធម៌ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ទាំងក្នុងពេលជួយសម្រួលចរាចរណ៍ ក៏ដូចជាក្នុងពេលចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ល។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ទោះជាយ៉ាងណា ក៏នៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង

អត្ថបទដែលជាប់ទាក់ទង