ពលរដ្ឋវ៉ៃគ្នាបែកមុខបែកមាត់ព្រោះរឿងទំនាស់ដីធ្លីនៅស្រុកពោធិ៍រៀង!
ព្រៃវែង៖ រឿងទំនាស់ដីធ្លីមួយកន្លែងក្នុងស្រុកពោធិ៍រៀងបានក្លាយជាអំពើហិង្សាវាយតប់គ្នា ខណៈអាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់វិវាទនេះនៅឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
បើតាមប្រភពពីភាគីរងគ្រោះបានឲ្យដឹងថា ក្រុមជនសង្ស័យព្រួតគ្នាប្រើអំពើហិង្សាមកលើខ្លួនបណ្ដាលឱ្យរងរបួសដេកពេទ្យ ខណៈរូបគាត់ប្ដឹងទារសំណងចំនួន១០.០០០ដុល្លារ។
បើតាមពាក្យបណ្ដឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានថា ករណីហិង្សានេះបានកើតឡើងនៅចំណុចដីមានទំនាស់ ក្នុងភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបន្តថា ជនរងគ្រោះឈ្មោះ សុន សារ៉ែន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ រីឯជនសង្ស័យមានគ្នាចំនួន០២នាក់៖ ទី១-ឈ្មោះ ទិត ភឿន ភេទស្រី អាយុ៤១ឆ្នាំ និងទី២-ឈ្មោះ ទិត ស្រីភាង ភេទស្រី អាយុ៣៨ឆ្នាំ អ្នកទាំង០២ជាបងប្អូននិងគ្នា នៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការរួចហើយចំពោះចំណាត់ការបែបណា គឺនៅលើតុលាការ។ ដោយករណីនេះគឺបោចសក់ស្រីៗដូចគ្នា។ នេះបើតាមការលើកឡើងរបស់លោក ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង។
ទាក់ទិនករណីខាងលើ ក្រុមគ្រួសាររងគ្រោះបានបន្តថា មូលហេតុមកពីអាជ្ញាធរមូលដ្ឋាន បណ្ដែតបណ្ដោយ មិនដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងជនរងគ្រោះ និងជនសង្ស័យ ដែលជាបណ្ដាលឱ្យភាគីទាំង០២ឈ្លោះប្រកែកគ្នាដោយផ្ទាល់ និងតឹងសសៃក ឈានដល់ប្រើអំពើហិង្សា នៅទីតាំងដីទំនាស់។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសាររងគ្រោះបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យបានព្រួតគ្នាវ៉ៃជនរងគ្រោះបណ្ដាលឱ្យបែកមុខបែកមាត់ រងរបួសយ៉ាងដំណំ ។ដោយបច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយក្នុងទីរួមខេត្តព្រៃវែង៕