នាយករដ្ឋបាលក្រុងអរិយក្សត្រឆ្លើបតបទៅអ្នករិះគន់ថា សូមកុំធ្វើការរិះគន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងភាពល្បីល្បាញ ដែលអាចនាំឲ្យមានការបែកបាក់ និងភាពហិនហោចដល់អង្គភាព និងសង្គមជាតិ

កណ្តាល៖ បន្ទាប់ពីដែលដឹងក្រុមសកម្មជននយោបាយប្រឆាំង ឈ្មោះ ហៃ វណ្ណា បានបង្ហោះលើហ្វេសប៊ុកដោយរិះគន់ថា៖ “រៀនចប់អនុបណ្ឌិតពីប្រទេសជប៉ុនបានត្រឹមធ្វើមន្រ្តីតូចខុសស្រឡះពី​ក្មេងរៀនធ្លាក់បាក់ឌុប​បានធ្វើធំ​ហេីយជានាយិកាសកលវិទ្យាល័យទៀត”។ ដោយការរិះគន់នេះ គឺសំដៅទៅលោក អ៊ា ចរិយា ដែលទើបបានទទួលមុខតំណែងជានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រថ្មី។ សកម្មជនរូបនេះឲ្យដឹងថា លោក​ចរិយា​ធ្លាប់ជាសិស្សច្បងរបស់ខ្លួន​និងធ្លាប់ជាអតីតប្រធានសមាគមនិស្សិតខ្មែរនៅជប៉ុន​និងជាអ្នករៀនសូត្រចេះដឹងពីប្រទេសជប៉ុន។

ជាការឆ្លើយតបលោក អ៊ា ចរិយា នាយករដ្ឋបាលសាលាក្រុងអរិយក្សត្របានសរសេរឡើងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តឲ្យមានមតិផ្ទុយ និងការរិះគន់ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ និងក្នុងន័យស្ថាបនាដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សូមកុំធ្វើការរិះគន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងភាពល្បីល្បាញ ដែលអាចនាំឲ្យមានការបែកបាក់ និងភាពហិនហោចដល់អង្គភាព និងសង្គមជាតិ។ ជាក់ស្តែង អ្នកដឹកនាំល្អៗមួយចំនួននៅលើពិភពលោក ពុំមានសញ្ញាបត្រខ្ពង់ខ្ពស់នោះទេ ហើយអ្នកដែលមានសញ្ញាបត្រខ្ពង់ខ្ពស់ក៏មិនប្រាដកជាអ្នកដឹកនាំល្អដែរ។ មិនថាក្នុងវិស័យឯកជន សាធារណៈ ឬអង្គការសង្គមស៊ីវិលនោះទេ អ្នកដឹកនាំល្អ ត្រូវមានឧបនិស័យជាច្រើនដូចជា៖ បទពិសោធការងារ ចំណេះដឹង ឬជំនាញ ចរិយាសម្បត្តិ ទំនាក់ទំនង ការដោះស្រាយបញ្ហា ការទទួលខុសត្រូវ នវានុវត្តន៍ ជាដើម។ល។ខ្ញុំសូមឲ្យបង ប្អូនទាំងអស់គ្នាយកផលប្រយោជន៍ជាតិជាធំ និងមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្តែងមតិ ដើម្បីឲ្យមានការផ្តល់ប្តូរជាវិជ្ជមានដល់សង្គមជាតិ”។

គួរជម្រាបជូនថា លោក អ៊ា ចរិយា ជាអ្នកបានរៀនសូត្រជ្រៅជ្រះនៅកម្ពុជា និងជប៉ុន និងមានបទពិសោធច្រើនលើ​ការងារសុវត្ថិភាពចរាចរណ៍។ លោកជាអតីតនាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ហើយបច្ចុប្បន្នលោកបានកាន់មុខតំណែងនាយករដ្ឋបាលសាលាក្រុងអរិយក្សត្រដែលទើបបង្កើតថ្មី។

ដោយឡែក អ្នកនាង ធី សុវណ្ណថា ដែលពីមុនជាយុវតីគណបក្សប្រឆាំងមួយរូប ហើយក្រោយមកបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ អ្នកនាង ធី សុវណ្ណថា វ័យ២៨ឆ្នាំធ្លាប់បានអះអាងថា កម្រិតវប្បធម៌របស់ខ្លួននាពេលបច្ចុប្បន្ន គឺបរិញ្ញាបត្រជាន់ខ្ពស់ ហើយមានបទពិសោធ១០ឆ្នាំលើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង