ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វចាប់ឃាតរថយន្ត២គ្រឿងដឹកប្រហិតចម្រុះ និងសាច់សត្វមាន់ ស៊ុតមាន់និងសាច់សត្វជ្រូកបង្កកខុសច្បាប់

បន្ទាយមានជ័យ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២ និង១០នាទីទៀបភ្លឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានចុះឃាត់រថយន្តចំនួន០២គ្រឿងដឹកប្រហិតចម្រុះ និងសាច់សត្វមាន់ចំនួន ៦៩២៦គីឡូក្រាម មកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតនាំចូល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា រថយន្តដែលក្រុមសមត្ថកិច្ចចម្រុះចាប់ឃាត់បានគឺទី១ .ម៉ាកSSANGYONG ISTANA ពាក់ស្លាកលេខកំពង់ចាម២A០១៨០ និងទី២ .ម៉ាកHYUNDAI ពាក់ស្លាកលេខភ្នំពេញ៣A៩៨៨៩ ជាប្រភេទរថយន្តដឹកអ្នកដំណើរ៤២កៅអី។

ប្រភពព័ត៌មានដដែលបានបន្តថា ចំពោះរថយន្តទី២ខាងលើបានដឹកស៊ុតមាន់ចំនួន៣៦០០០គ្រាប់ និងសាច់សត្វជ្រូកបង្កកចំនួន៥៣០គីឡូក្រាម មកពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានខាងលើបានឱ្យដឹងទៀតថា ចំពោះបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកវត្ថុតាងទាំង២ករណី ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង