ពុទ្ធោ, យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ឈ្មោះ ផល សំណាង ដែលមានតួនាទីជាអនុប្រធានតំបន់ស្តាតអូឡាំពិក បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌជ្រោយចង្វារស្លាប់កាលពីល្ងាចម្សិលមិញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

យុវជនស្ម័គ្រចិត្តម្នាក់នោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមខណៈមេឃកំពុងធ្លាក់ភ្លៀង ត្រូវបានរថយន្តជិះបុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។ អ្នកបើករថយន្តក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ ចំពោះការបាត់បង់ លោក ផល សំណាង ដែលជាយុវជនដ៏អង់អាចក្លាហាន បានលះបង់នូវកម្លាំងកាយចិត្តចូលរួមការងារសង្គមជាតិដ៏សកម្ម។

CAMSOC-CAMAPGOC ចាត់ទុកដំណឹងមរណភាពរបស់លោក ផល សំណាង គឺជាការបាត់បង់នូវ កូន ចៅ សាច់ញាតិ មិត្តភក្តិ ជាទីស្រលាញ់បំផុត ដែលប្រកបដោយព្រហ្មវិហារធម៍ ជាពិសេសគឺជាការបាត់បង់នូវយុវជនឆ្នើមមួយរូបដែលតែងលះបង់នូវកម្លាំងកាយចិត្តចូលរួមការងារសង្គមជាតិដ៏សកម្ម។

CAMSOC-CAMAPGOC បានរៀបរាប់ដូច្នេះថា៖«យើងទាំងអស់គ្នា នឹងចងចាំនូវវីរភាពរបស់ប្អូន ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកសម្របសម្រួល ជួយឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ»៕

អត្ថបទដែលជាប់ទាក់ទង