NEAនាំយកឱកាសការងារសរុបប្រមាណ១៥០០០កន្លែងពីក្រុមហ៊ុនជាច្រើនក្នុងវិស័យជូនដល់ខេត្តគោលដៅចំនួន៤ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ NEAនាំយកឱកាសការងារសរុបប្រមាណ១.៥ម៉ឺនកន្លែងពីក្រុមហ៊ុនជាច្រើនក្នុងវិស័យ សំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖«ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន៤។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ខេត្តគោលដៅចំនួន៤រួមមាន៖
*១-ខេត្តបាត់ដំបង៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ, *២-ខេត្តសៀមរាប៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ, *៣-ខេត្តកំពង់ធំ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា និង*៤-ខេត្តកំពង់ចាម៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសហភាពសហព័ន្ធ យុវជនកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា ការរៀបចំវេទិកានេះ គឺជាយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។

វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ដូច្នេះ កូនក្មួយ ចៅៗ និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕

អត្ថបទដែលជាប់ទាក់ទង