ឯកឧត្ដម ឯម ច័ន្ទមករា៖ ជនមានពិការភាពគ្រប់រូបមានសិទ្ធិធ្វើការជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល…!
ព្រះសីហនុ៖ «ជនមានពិការភាពគ្រប់រូបមានសិទ្ធិធ្វើការជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល និងអាចទទួលបានគម្រោងជំនួយសម្រាប់អ្នកអត់ការងារធ្វើ ក៏ដូចជាសិទ្ធិទទួលស្តង់ដារសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពបន្តពូជ ជារួមគឺសេវាថែទាំសុខភាពជាមូលដ្ឋាន និងតម្លៃសមរម្យ ព្រមទាំងមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារពេទ្យ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពលកម្មកាយសម្បទា ឬមន្ទីពេទ្យរដ្ឋ»។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនមានពិការភាព នៅខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្ដម ឯម ច័ន្ទមករា បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងការធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម។
ជាមួយគ្នានោះ ឯកឧត្ដមបានលើកឡើងថា លោកចង់ឱ្យមានសំឡេងកណ្ដឹងជំនួយនៅតាមស្តុបចរាចរណ៍នីមួយៗ ដើម្បីងាយស្រួលដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់។
«ចំពោះបញ្ហានេះលោកបានជជែកពិភាក្សាជាមួយ JICA រួចផងដែរ ដោយថានៅតាមស្តុបចរាចរណ៍នីមួយៗ ពុំទាន់មានសម្លេងសម្រាប់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់នៅឡើយ ខណៈដែលពួកគាត់មិនអាចមើលឃើញភ្លើងចរាចរណ៍គឺត្រូវការសម្លេងដែលអាចប្រាប់ថាអាចឆ្លងបាន ឬ មិនទាន់ឆ្លងបាន»។ នេះជាអះអាងរបស់ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងពិធីនោះ ឯកឧត្ដម ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថា បច្ចុប្បន្ននៅតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនបានរៀបចំនូវផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់បានដោយជោគជ័យផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ជនមានពិការភាពនៅតាមទីតាំងសាធារណៈក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ផងដែរ។
ទន្ទឹមគ្នានោះ ឯកឧត្ដម ឯម ច័ន្ទមករា លើកឡើងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺជាបច្ច័យចំណេះបន្ថែមថ្មីមួយទៀតសម្រាប់សមាជិក សមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះសីហនុទាំងអស់ដែលជាតួអង្គយ៉ាងសំខាន់និងមិនអាចខ្វះបានក្នុងការសម្រេចបាននូវស័ក្តិសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិនានាក្នុងកិច្ចគាំពារដល់ជនមានពិការភាព៕